ដោយៈ បូកគោ / កែបៈ បុគ្គលណាម្នាក់ដែលបំពានយកទីសាធារណៈ បម្រើអាជីវកម្ម ផ្ទាល់ខ្លួន ដោយរឹងរូសប្រឆាំងនឹងការផ្សព្វផ្សាយ កន្លងមក អាជ្ញាធរក្រុង ស្រុក ត្រូវតែអនុវត្តវិធានការច្បាប់ ឱ្យបានម៉ឺងម៉ាត់បំផុត។ នេះជាការបញ្ជាក់របស់លោក អភិបាលខេត្តកែប ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកដំណាក់ចង្អើរ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

ក្នុងពិធីខាងលើ លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថាៈ​ ដើម្បីរក្សាបាននូវ សណ្តាប់ធ្នាប់ល្អ ផ្លូវធ្វើដំណើរ មិនកកស្ទះ បរិស្ថានអនាម័យស្អាត ការលក់ដូរមានរបៀប រៀបរយ ប្រកបដោយកិត្តិសយ និងសេចក្តីថ្លៃថ្នូរ  អាជ្ញាធរក្រុង ស្រុក ត្រូវចាត់វិធានាការ ឱ្យបានម៉ឺងម៉ាត់បំផុត។ អ្វីដែលអាជ្ញាធរ ត្រូវតែធ្វើ គឺរក្សាឱ្យបាននូវ ទីតាំងសាធារណៈ ដោយមិនឱ្យមានករណីចាប់យកដីឆ្នេរ សង់តូប ឬលក់ដូរ តាមបែបអនាធិបតេយ្យ ជាដាច់ខាត។

លោកអភិបាលខេត្ត បានបន្តថាៈ ប្រសិនបើមានបុគ្គលណាម្នាក់ រឹងរូសក្រោយពេល រដ្ឋបាលក្រុង ស្រុក បានផ្សព្វផ្សាយ ក៏ដូចជាអប់រំណែនាំ នៅតែមិនអនុវត្តតាម រដ្ឋបាលខេត្ត ស្នើសូមស្ថាប័នតុលាការ ចូលរួមគាំទ្រ និងសហការ ដើម្បីប្រើប្រាស់វិធានការច្បាប់តែម្តង។

សូមបញ្ជាក់ថា ការក្រើនរំលឹកបន្ថែមពីលោកអភិបាលខេត្តកែបបែបនេះ ព្រោះតែកន្លងមក រដ្ឋបាលក្រុងកែប បានចេញសេចក្តីណែនាំ ដល់អាជីវករមួយចំនួន ឱ្យរុះរើសំយាបផ្ទះ ព្រមទាំងបញ្ឈប់ការក្រាលកន្ទេល ឬដាក់តុកៅអី ជួលឱ្យភ្ញៀវទេសចរ នៅលើចិញ្ចើមផ្លូវ និងលើឆ្នេរខ្សាច់កម្សាន្តជាដើម។

មកដល់រសៀលថ្ងៃទី១៩ ខែតុលានេះ អាជីវករប្រមាណជាង ៧០ ភាគរយ បានធ្វើតាមការ ណែនាំរួចហើយ។ ដោយឡែក អាជីវករមួយចំនួនតូច ហាក់នៅព្រងើយកន្តើយ។
ផ្តើមចេញពីទិដ្ឋភាពបែបនេះ ក៏ដូចជាផ្អែកតាមស្មារតី នៃសេចក្តីជូនដំណឹងខាងលើ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកែប នឹងចុះប្រតិបត្តិការ ដើម្បីលុបបំបាត់រូបភាព អនាធិបតេយ្យ ឲ្យបានរួចរាល់ ១០០ ភាគរយ៕/V-PC