​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​កងទ័ពអាកាស​អាម៉េរិក​បាន​ស្ទាក់​ផ្លូវ​និង​កៀង​អម​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ពីរ​គ្រឿង​ដែល​ហោះ​ក្បែរ​រដ្ឋ​អា​ឡា​ស្កា​នៅពេល​ភាព​តានតឹង​រវាង​អាម៉េរិក​និង​រុស្ស៊ី​​កំពុង​កើនឡើង​។​

​យោងតាម​បញ្ជា​ការការពារ​ដែនអាកាស​អាម៉េរិក​ខាងជើង​(NORAD) យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​Tu-95 Bear-H​ពីរ​គ្រឿង​បាន​ហោះ​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​អា​ឡា​ស្កា​(ADIZ)​កាលពី​ថ្ងៃ​ចន្ទ ។​យន្តហោះ​ប្រដេញ​ធុន F-16 របស់​អាម៉េរិក​ពីរគ្រឿងបានចេញទៅ​ស្ទាក់ផ្លូវ​កុំ​អោយ​ពួកវា​ហោះ​ចូលក្នុង​ដែនអាកាស​អាម៉េរិក​និង​កាណាដា តែ​យន្តហោះ​បន្ត​ហោះ​ក្នុង​ដែនអាកាស​អន្តរជាតិ​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​Tu-95 Bear-H​ពីរ​គ្រឿង​បាន​ហោះចូល​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​អា​ឡា​ស្កា​កាលពី​ថ្ងៃ​ចន្ទ​នាំ​អោយ​អាម៉េរិក​បញ្ជូន​ចេញ F-16​ទៅ​កៀង​ពួកវា​​ចេញពី​តំបន់​ត្រូវការពារ​របស់ខ្លួន​

NORAD​បាន​និយាយថា​ខ្លួន​បាន​តាមដាន​និង​កត់សំគាល់ឃើញ​ថា​យន្តហោះ​យោធា​បរទេស​ហោះ​ចូលក្នុង​តំបន់​ADIZ​ ហើយបាន​បញ្ជូន​ចេញ​យន្តហោះ​ប្រដេញ​ទៅ​ស្ទាក់​និង​កៀង​ពួក​វា​ចេញ​។​

​ការ​ស្ទាក់ដំណើរ​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​នេះ​កើតឡើង​នៅពេល​អាម៉េរិក​និង​រុស្ស៊ី​ប្រមុខ​ដាក់​គ្នា​ខ្លាំង​ដោយសារ​តែ​សង្គ្រាម​អ៊ុ​យក្រែន​។​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ផ្តល់ជំនួយ​យោធា​រាប់ពាន់​លាន​​ដុល្លារ​សំរាប់​អ៊ុយ​ក្រែន​តតាំង​និង​វាយ​បណ្តេញ​កងកម្លាំង​រុស្ស៊ី ហើយ​ក៏​ធ្វើ​យុទ្ធនាការ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាលទីក្រុងមូស្គូផង​ដែរ​។​

​ប្រធានាធិបតី​រុស្ស៊ី​កាលពី​ពេល​ថ្មីៗ​បាន​ព្រមាន​អំពី​«​មហន្តរាយ​ពិភពលោក​»​បើសិនជា​ទាហាន​អង្គការ​ណា​តូ​ដែល​ដឹកនាំ​ដោយ​អាម៉េរិក ប៉ះទង្គិច​ជាមួយ​កងកម្លាំង​រុស្ស៊ី​ដោយផ្ទាល់​។​

​ការព្រួយបារម្ភ​បន្ត​កើនឡើង​ខ្លាចក្រែង​រុស្ស៊ី​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ ជាពិសេស​ក្នុងពេល​ខ្លួន​បន្ត​ជួប​បរាជ័យ​ជា​បន្តបន្ទាប់​លើ​សមរភូមិ​។​កាលពី​សប្តាហ៍​មុន​មាន​ការទម្លាយ​ព័ត៌មាន​ថា ប្រធានាធិបតី​រុស្ស៊ី​​លោកពូ​ទីន បង្កើន​វត្ត​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​នៅ​មូលដ្ឋាន​មួយ​ក្បែរ​ព្រំដែន​ហ្វាំង​ឡ​ង់​និងន័​រវ៉េ​ស​៕

​ពូ​ទីន និយាយថា​លោក​មិន​មើល​ឃើញ​តំរូវការ​សំ​រា​ប់ការចរចា​ជាមួយ​សម​ភាគី​អាម៉េរិក​ដើម្បី​បញ្ចប់សង្គ្រាម​អ៊ុ​យក្រែនទេ តែ​ថា​លោក​បើកទ្វារ​សំរាប់​ការពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​។ទោះជាយ៉ាងណាសមភាគីអ៊ុយក្រែនបានបិទទ្វារការចរចាបន្ទាប់ពីរដ្ឋាភិបាលទីក្រុងមូស្គូប្រកាសដាក់តំបន់អ៊ុយក្រែនចំនួនបួនជាឧបសម្ពន្ធរបស់ខ្លួន