​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អតីតរដ្ឋមន្ត្រី​ផ្លូវដែក លោក ម៉ា​ល​លីកា​ជុន ខា​ច (Mallikarjun Kharge) ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​គណបក្ស​សមាជ​ដោយ​លោក​បាន​​ក្លាយជា​មេដឹកនាំ​ដំបូង​គេ​នៅ​ខាងក្រៅ​គ្រួសារនេ​រុ​-​គន្ធី (Nehru-Gandhi) ដែល​កាន់​មុខ​តំណែង​នេះ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​នេះ​ខណៈ​គណបក្ស​ព្យាយាម​ស្តារ​ជោគវាសនា​នយោបាយ​របស់​​ខ្លួន​ឡើងវិញ​។​

​ដូច​រំពឹង​ទុក​យ៉ាង​ទូលំទូលាយ អ្នកនយោបាយ​ជើងចាស់​វ័យ ៨០ ឆ្នាំ​រូប​នេះ​បាន​ផ្តួល​អតីត​អ្នកការទូត​ប្រចាំ​អង្គការសហប្រជាជាតិ​ប្រែ​មក​ជា​អ្នកនយោបាយ លោក សា​ស៊ី ថា​រ៉ួ (Shashi Tharoor) ដោយ​ឈ្នះ ៩០ ភាគរយ​នៃ​សំឡេងឆ្នោត ៩.៣៨៥ នៅក្នុង​គណបក្ស​។​

​ទោះយ៉ាងណា ការកាន់កាប់​របស់​គ្រួសារនេ​រុ​-​គន្ធី​លើ​គណបក្ស​នេះ​មិន​រំពឹង​ចុះខ្សោយ​នោះទេ​។ គ្រួសារ​នេះ​បាន​ដឹកនាំ​គណបក្ស​ភាគច្រើន​ចាប់តាំងពី​ប្រទេស​ឥណ្ឌា​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៤៧ ហើយ​បាន​ផ្តល់ឱ្យ​ប្រទេស​នេះ​នូវ​នាយករដ្ឋមន្ត្រី​ចំនួន​បី​គឺ​លោក ចា​វ៉ា​ហា​ឡាល់ នេ​រុ (Jawaharlal Nehru) លោកស្រី អ៊ី​ន​ឌី​រ៉ា គន្ធី (Indira Gandhi) និង​លោក រ៉ា​ជីវ គន្ធី (Rajiv Gandhi)​។​

​លោក​ខា​ច​ស្នង​តំណែង​បន្ត​ពី​លោកស្រី​សូនៀ គន្ធី (Sonia Gandhi) ដែល​បាន​កាន់​តំណែង​នេះ​អស់​រយៈពេល ១៩ ឆ្នាំ និង​ជា​ស្ត្រី​មេម៉ាយ​របស់​លោក​គន្ធី​។ កូនប្រុស​របស់​លោកស្រី ឈ្មោះ រ៉ា​ហ៊ុល (Rahul)​បាន​ឡើងកាន់​តំណែង​មួយរយៈ ប៉ុន្តែ​បាន​ចាក​ចេញ​ដើម្បី​ទទួលខុសត្រូវ​ចំពោះ​បរាជ័យ​ការបោះឆ្នោត​សកល​ឆ្នាំ ២០១៩ របស់​គណបក្ស​។​

​លោក​ខា​ច​គឺជា​អ្នក​ស្មោះត្រង់​ក្នុង​គ្រួសា​រគ​ន្ធី​ដ៏​មោះមុត ហើយ​ត្រូវ​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​ជម្រើស​ក្រៅ​ផ្លូវការ​របស់​គ្រួសារ​។​

​លោក​ថា​រ៉ួ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចំពេល​មាន​ការចោទប្រកាន់​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ពី​ជំរំ​របស់​គាត់​ថា​”​ខ្ញុំ​ជឿថា​ការ​រស់​ឡើង​វិញ​នៃ​គណបក្ស​របស់​យើង​ពិត​​ជា​បានចាប់ផ្តើម​នៅថ្ងៃនេះ​”​។​

​គណបក្ស​សមាជ​បាន​មើលឃើញ​ជោគវាសនា​នយោបាយ​របស់​ខ្លួន​ធ្លាក់ចុះ បន្ទាប់​ពី​ការ​ងើបឡើង​នៃ​គណបក្ស​បា​រ៉ា​ទី​យ៉ា​ចា​ណាតា (Bharatiya Janata –BJP) ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ណារិ​នដ្រា ម៉ូ​ឌី​។​

​បក្ស​សមាជ​បាន​រង​បរាជ័យ​ជាប់​គ្នា​ពីរ​លើក​ផ្ទួនៗ​ក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៤ និង ២០១៩ ហើយ​មិន​អាច​គាស់​គីឡូ​អ្វី​ទៅ​ទប់ទល់​នឹង​បក្ស BJP នោះទេ​។

​បក្ស​សមាជ​សព្វថ្ងៃ​មាន ៥៣ អាសនៈ​ធៀប​នឹង​បក្ស BJP មាន ៣០៣ អាសនៈ​៕

អតីតរដ្ឋមន្ត្រី​ផ្លូវដែក លោក ម៉ា​ល​លីកា​ជុន ខា​ច​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​គណបក្ស​សមាជ​