​ដោយៈ​ទេព មង្គល / ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ហិរញ្ញប្បទាន ចំនួន ៣២,៥ លាន​ដុល្លារ ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​សុខាភិបាល ប្រកបដោយ គុណភាព នៅក្នុង​ខេត្តបន្ទាយមានជ័យ ដែលជា​ខេត្ត​ជាប់​ព្រំដែន នៅ​ភាគ​ពាយព្យ នៃ ប្រទេស​កម្ពុជា និង​ជា​តំបន់​ដែល​ពលរដ្ឋ​ចំណាកស្រុក​ចាកចេញ និង​ត្រឡប់មកវិញ ព្រមទាំង ជាទី​តាំង សម្រាប់​អ្នក​ដែល​ស្វែងរក​ការងារ​ធ្វើ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់ ខេត្ត​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ចេញផ្សាយ​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២​។​

​គម្រោង​សុខភាព​តំបន់​ព្រំដែន មហា​អនុតំបន់​ទន្លេមេគង្គ (GMS) កម្ពុជា នឹង​ពង្រីក ការ​គ្របដណ្តប់ នៃ​ការថែទាំ​សុខភាព សម្រាប់​ពលករ​ចំណាកស្រុក ដែល​សេវា​នៃ​ប្រព័ន្ធ សុខាភិបាល​ក្នុងប្រទេស និង​ក្រៅប្រទេស មិនទាន់​ទៅដល់ និង​សម្រាប់​ប្រជាពលរដ្ឋ នៅតាម​តំបន់​ព្រំដែន ដែល​ជន​ចំណាកស្រុក​ឆ្លងកាត់ និង​រស់នៅ​។
​គម្រោង​នេះ នឹង​បង្កើន​កម្ចីសម្បទាន ចំនួន ២៧ លាន​ដុល្លារ និង​ជំនួយ​រហូតដល់ ៥,៥ លាន​ដុល្លារ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សាងសង់ និង​បំពាក់​បរិក្ខារ​សុខាភិបាល នៅតាម​តំបន់​ព្រំដែន ពង្រីក​កិច្ច​គាំពារ​ហិរញ្ញវត្ថុ ទាក់ទង​នឹង​ការថែទាំ​សុខភាព ដល់​ជន​ចំណាកស្រុក និង​ពង្រឹង​ប្រព័ន្ធ សម្រាប់​សមាហរណកម្ម នៃ​ការផ្តល់សេវា សុខាភិបាល ឆ្លងកាត់​ព្រំដែន រួមទាំង​ការបង្កើតឱ្យមាន​កំណត់​ត្រា សុខភាព​អេឡិចត្រូនិក ចល័ត សម្រាប់​ជន​ចំណាកស្រុក​ផងដែរ​។​

​មន្ត្រី​ជំនាញ​ជាន់ខ្ពស់​ផ្នែក​សង្គម​របស់ ADB ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក Rikard Elfving បាន​ថ្លែងថាៈ «​កិច្ចសហប្រតិបត្តិការ និង​សមាហរណកម្ម​តំបន់ នៅ​ទូទាំង​មហា​អនុតំបន់​មេគង្គ បាន​ជំរុញ​កំណើនសេដ្ឋកិច្ច ក៏ដូចជា ការ​ចល័ត​របស់​មនុស្ស កាន់តែច្រើន ដើម្បី​ស្វែងរក​ការងារ និង​ឱកាស​កាន់តែ​ប្រសើរ​។ វា​ក៏បាន​បង្ក​ជា​បញ្ហា​ប្រឈម ផ្នែក​សុខភាព ដែល​ទាក់ទង​នឹង​ការ​ចល័ត​របស់​មនុស្ស សម្រាប់​តំបន់​ព្រំដែន ដែល​ភ្ជាប់ ទៅនឹង​ច្រករបៀង​សេដ្ឋកិច្ច​សំខាន់ៗ​»​។​

​ប្រព័ន្ធ​សុខាភិបាល នៅតាម​តំបន់​ព្រំដែន ជារឿយៗ មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម ផ្នែក​សុខភាព​ដែល​ទាក់ទង​នឹង​ការ​ចល័ត​របស់​មនុស្ស ដូចដែល​បានឃើញ ក្នុងអំឡុង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅពេលដែល​ពលករ ចំណាកស្រុក​កម្ពុជា ជាង ២៦០.០០០ នាក់ បាន​ត្រឡប់មកផ្ទះ​វិញ​។ ពួកគាត់ ភាគច្រើន បាន​ត្រឡប់មកវិញ តាម​ព្រំដែន​ដីគោក ជាមួយ​ប្រទេស​ថៃ ដែល​បានធ្វើឱ្យ​ហួស​សមត្ថភាព នៃ​ប្រព័ន្ធ​សុខាភិបាល នៅតាម​ព្រំដែន ក្នុងការ​កំណត់ ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​ករណី កូ​វីដ​-១៩ ។​

​បណ្តា​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ បាន​ឯកភាព​រួមគ្នា​លើ​តម្រូវការ ក្នុងការ​ពង្រឹង ការការពារ សហគមន៍​ងាយ​រងគ្រោះ ពី​ផលប៉ះពាល់​សុខភាព នៃ​ការធ្វើសមាហរណកម្ម ក្នុង​តំបន់ និង​បានផ្តល់​អាទិភាព ដល់​ការពង្រឹង​ប្រព័ន្ធ សុខាភិបាល នៅតាម​តំបន់​ព្រំដែន​។ ការវិនិយោគ​លើ​ប្រព័ន្ធ​សុខាភិបាល ប្រកបដោយ​បរិ​យាប​ន្ន សម្រាប់​ជន​ចំណាកស្រុក នឹង​ជួយ​សម្រួល​ដល់​ការបន្ត​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព ដែលមាន​សារៈសំខាន់ សម្រាប់​ការ​ស្តារឡើងវិញ ក្រោយ​កូ​វីដ​-១៩ ក្នុង​មហា​អនុតំបន់​។​

​គម្រោង​សុខភាព​តំបន់​ព្រំដែន មហា​អនុតំបន់​ទន្លេមេគង្គ​នេះ នឹង​ផ្អែកលើ​បទពិសោធន៍​របស់ ADB ក្នុងការ​គាំទ្រ​កម្មវិធី​គ្រប់គ្រង​ជំងឺឆ្លង ហើយនឹង​រួមបញ្ចូល​មេរៀន ពី​ការឆ្លើយតប និង​ការស្តារ​ឡើងវិញ​របស់​កម្ពុជា ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ។​

​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​ថា នឹង​សម្រេច​ឱ្យបាន​នូវ វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់ និង​និរន្តរភាព ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ស្រប​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ខ្លាំង​។ បង្កើតឡើង​នៅ​ឆ្នាំ​១៩៦៦ ធនាគារ​នេះ គ្រប់គ្រង ដោយ​សមាជិក ចំនួន ៦៨ ប្រទេស ដែល​ក្នុងនោះ​មាន ៤៩ ប្រទេស មកពី​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​៕/V​