​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ទីភ្នាក់ងារ​សារព័ត៌មាន Fars​របស់​អ៊ីរ៉ង់ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៩​តុលា​ថា កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់​បាន​ចាប់ខ្លួន​ជន​បរទេស​ចំនួន ១៤ នាក់​រួម​​ទាំង​ពលរដ្ឋ​អាម៉េរិក អង់គ្លេស និង​បារាំង​ផងដែរ សម្រាប់​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​ក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។​

​មន្ត្រី​អ៊ីរ៉ង់​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​នៅឡើយ​ទេ​។​

​អ៊ីរ៉ង់​បាន​ស្តីបន្ទោស “​ពួក​អន្ធពាល​” ដែលមាន​ទំនាក់ទំនង​ជាមួយ “​សត្រូវ​បរទេស​” ចំពោះ​ការតវ៉ា​ទូទាំង​ប្រទេស ដែល​បាន​ផ្ទុះ​ឡើង​បន្ទាប់ពី​ការស្លាប់​នាង​ម៉ាសា អា​មី​នី (Mahsa Amini) អាយុ ២២ ឆ្នាំ​នៅក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​កាលពី​ថ្ងៃទី ១៦ ខែ​កញ្ញា​។​

Fars បាន​រាយការណ៍​ដោយ​មិន​បាន​ស្រង់​ប្រភព​យ៉ាង​ដូច្នេះ​ថា “​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ចំនួន ១៤ រួម​មាន​សហរដ្ឋ​អាម៉េរិក រុស្ស៊ី អូទ្រីស បារាំង ចក្រភព​អង់គ្លេស និង​អា​ហ្វ​ហ្គានី​ស្ថាន​ត្រូវបាន​ចាប់​​ខ្លួន​នៅក្នុង​កុបកម្ម​នា​ពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​ក្នុងនោះ​ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថាន​មាន​ចំនួន​ច្រើន​ជា​ង​គេ​”​។​

Fars ដែល​គេ​ជឿ​ថា​មាន​ទំនាក់ទំនង​ជាមួយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ មិន​បាន​បញ្ជាក់ថា​ការចាប់ខ្លួន​ត្រូវបាន​ធ្វើឡើង​នៅពេល​ណា​និង​កន្លែង​ណា​នោះ​ទេ​។​

​គេ​មិន​ទាន់​ច្បាស់​ភ្លាមៗ​ទេ​ថា​តើ​ការចាប់ខ្លួន​ដែល​បាន​រាយការណ៍​រួម​មាន​ជនបរទេស​ប្រាំបួន​នាក់​ដែល​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​បាន​និយាយថា​កាលពី​ខែ​មុន​ថា​ត្រូវ​បាន​ឃុំខ្លួន​ដោយសារ​តួនាទី​របស់​ពួកគេ​នៅក្នុង​ការតវ៉ា​។​

​ការតវ៉ា​ទូទាំងប្រទេស ដែល​បង្កឡើង​ដោយ​ការស្លាប់​របស់​នាង​អា​មី​នី​នៅក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​សីលធម៌​របស់​អ៊ីរ៉ង់​បានប្រែក្លាយ​ទៅជា​បញ្ហា​ប្រឈម​ដ៏​ខ្លាំងក្លា​បំផុត​មួយ​ចំពោះ​អ្នក​គ្រប់គ្រង​ជា​បុព្វ​ជិត​​របស់​អ៊ីរ៉ង់​ចាប់តាំងពី​បដិវត្តន៍​ឆ្នាំ ១៩៧៩​។​

​ក្រុមបាតុករ​បាន​អំពាវនាវ​ឱ្យមាន​ការដួលរលំ​នៃ​សាធារណរដ្ឋ​អ៊ីស្លាម ទោះបីជា​ការតវ៉ា​ហាក់​មិនទាន់​ខិត​ជិត​ដល់​ការផ្តួលរំលំ​ប្រព័ន្ធ​នេះ​ក៏​ដោយ​។​

​រដ្ឋាភិបាល​ក្រុងតេ​ហេ​រ៉ង់​បានចោទប្រកាន់​សហរដ្ឋអាម៉េរិក​និង​ប្រទេស​អឺរ៉ុប​មួយចំនួនថា​បាន​ប្រើប្រាស់​ចលាចល​នេះ​ដើម្បី​ព្យាយាម​ធ្វើឱ្យ​សាធារណរដ្ឋ​អ៊ីស្លាម​មាន​អស្ថិរភាព​៕

បាតុករ​អ៊ីរ៉ង់​ដើរ​តាម​ដងផ្លូវ​នៃ​រដ្ឋធានី​តេ​ហេ​រ៉ង់ បន្ទាប់​ពី​ការស្លាប់​របស់​នាង​ម៉ាសា អា​មី​នី ក្នុងការ​ឃុំឃាំង​របស់​ប៉ូលិស​