​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ តារា​សម្ដែង អាន​ណា ម៉េ វង់ (Anna May Wong) នឹង​ក្លាយជា​ជនជាតិ​អាម៉េរិក​ដើមកំណើត​អាស៊ី​ដំបូង​គេ ដែល​បង្ហាញ​ខ្លួន​លើ​រូបិយវត្ថុ​អាម៉េរិក​។​

​លោក​ស្រី​នឹង​បង្ហាញខ្លួន​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ហាញ​ស្ត្រី​អស្ចារ្យ​នៅ​លើ​កាក់​អាម៉េរិក​។​

​លោកស្រី​វង់ ដែល​គេ​ចាត់ទុកថា​ជា​តារាភាពយន្ត​អាម៉េរិក​ដើមកំណើត​ចិន​ដំបូង​គេ​នៅ​ក្នុង​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ គឺជា​ស្ត្រី​ទី​ប្រាំ​និង​ចុងក្រោយ​ដែល​ត្រូវបាន​ដាក់​បង្ហាញ​ជា​លក្ខណៈ​បុគ្គល​នៅលើ​​កាក់​នៅ​ឆ្នាំ​នេះ​។​

​កាក់​នេះ​នឹង​ធ្វើ​ចរាចរ​ទូទៅ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។​

​វា​នឹង​បង្ហាញ​ប្រធានាធិបតី​ច​ច វ៉ាស៊ីនតោន​នៅ​ផ្នែក​ម្ខាង និង​លោកស្រី​វង់​នៅ​ផ្នែក​ម្ខាង​ទៀត​។​

​លោកស្រី វិ​ន​ទ្រីស ហ្គី​បសុន (Ventris Gibson) នាយក​ក្រុមហ៊ុន US Mint បាន​ហៅ​លោកស្រី​វង់​ថា​ជា​”​អ្នក​តស៊ូ​មតិ​ដ៏​ក្លាហាន​ដែល​បាន​ការពារ​ការបង្កើន​អ្នក​តំណាង​និង​តួនាទី​ពហុ​វិមាត្រ​​បន្ថែម​ទៀត​សម្រាប់​តារា​សម្តែង​អាម៉េរិក​អាស៊ី​”​។​

​លោកស្រី​បាន​និយាយថា “​កាក់​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​វិសាលភាព​និង​ជម្រៅ​នៃ​សមិទ្ធិផល​របស់​លោកស្រី​អាន​ណា ម៉េ វង់ ដែល​បាន​យកឈ្នះ​លើ​បញ្ហា​ប្រឈម​និង​ឧបសគ្គ​ជាច្រើន ដែល​លោកស្រី​បាន​ជួបប្រទះ​ក្នុង​ជីវិត​របស់​លោកស្រី​”​។​

​លោកស្រី​វង់​កើត​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស​ក្នុង​ឆ្នាំ ១៩០៥ ជា​ជនអន្តោប្រវេសន៍​ចិន​។ ឈ្មោះ​របស់​លោកស្រី​នៅ​ពេល​កើត​គឺ វង់ លីវ តុង (Wong Liu Tong) ប៉ុន្តែ​ក្រោយមក​លោក​ស្រី​បាន​យក​​ឈ្មោះ​លើ​ឆាក​សម្តែង អាន​ណា ម៉េ វង់ (Anna May Wong) ដែល​បង្កើតឡើង​ដោយ​ភ្ជាប់​ទាំង​ឈ្មោះ​ជា​ភាសា​អង់គ្លេស និង​ឈ្មោះ​គ្រួសារ​របស់​លោកស្រី​។​

​លោកស្រី​បាន​សម្តែង​លើកដំបូង​នៅ​អាយុ ១៤ ឆ្នាំ​ជា​តួ​រាយរង​ក្នុង​រឿង The Red Lantern ហើយ​បាន​បន្ត​ដើរតួ​តូចតាច​រហូតដល់​កាន់​តួឯក​នៅក្នុង​រឿង The Toll of the Sea ក្នុង​ឆ្នាំ ១៩២២​។​

​លោកស្រី​បាន​បង្ហាញខ្លួន​នៅក្នុង​ខ្សែភាពយន្ត​ជាង ៦០ នៅ​ទូទាំង​អាជីព​របស់​លោកស្រី រួមទាំង​ខ្សែភាពយន្ត​កាយវិការ (​ស្ងាត់​សំឡេង​) និង​រឿង​ដំបូងបង្អស់​ដែល​ផលិត​ដោយ​មាន​បច្ចេកវិជ្ជា​ពណ៌​ធម្មជាតិ​។​

​លោកស្រី​វង់​ក៏​ជា​តួឯក​អាម៉េរិក​អាស៊ី​ដំបូង​គេ​នៅ​ក្នុង​រឿង​ភាគ​ទូរទស្សន៍​របស់​អាម៉េរិក The Gallery of Madame Liu-Tsong ផងដែរ ដែល​ក្នុងនោះ​លោកស្រី​ដើរតួ​ជា​អ្នក​ស៊ើបអង្កេត​ជនជាតិ​ចិន​។​

​បន្ទាប់​ពី​ប្រឈមមុខ​នឹង​ការរើសអើង​នៅ​អាម៉េរិក លោកស្រី​បាន​ធ្វើដំណើរ​ទៅ​អឺរ៉ុប​ដើម្បី​ធ្វើការ​ក្នុង​ភាពយន្ត​ភាសា​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​។​

​លោកស្រី​បាន​ទទួលពាន​រង្វាន់​តា​រា​មួយ​នៅ Hollywood Walk of Fame ក្នុង​ឆ្នាំ ១៩៦០ ហើយ​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​បន្ទាប់​នៅ​អាយុ ៥៦ ឆ្នាំ​។​

​នាង ហ្គេម​ម៉ា ចាន់ (Gemma Chan) ដែល​ល្បី​ក្នុង​រឿង Crazy Rich Asians និង Marvel’s Eternals គ្រោង​នឹង​សម្តែង​ជា​តួ​លោកស្រី​វង់​នៅក្នុង​ខ្សែភាពយន្ត​ស្តីពី​ជីវប្រវត្តិ​តារា​រូប​នេះ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​កម្មវិធី​កាក់​ស្ត្រី​អាម៉េរិក (American Women Quarters) បាន​ចាប់ផ្តើម​នៅ​ឆ្នាំនេះ ហើយ​នឹង​មាន​រូប​ស្ត្រី​ចំនួន​ប្រាំ​នាក់​ជា​រៀងរាល់​ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០២៥​។ គ្រូបង្រៀន​នៅ​រដ្ឋ​ហា​វ៉ៃ ឈ្មោះ អេឌីត កា​ណា​កា​អូ​ឡេ (Edith Kanaka’ole) ត្រូវបាន​ប្រកាស​ឈ្មោះ​ជា​ជម្រើស​មួយ​ក្នុងចំណោម​ជម្រើស​សម្រាប់​ឆ្នាំ ២០២៣៕

​តារា​សម្ដែង អាន​ណា ម៉េ វង់ នឹង​មាន​រូប​នៅ​លើ​កាក់​អាម៉េរិក ដែល​នឹង​ចរាចរ​ចាប់ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ។​លោកស្រី​បាន​បង្ហាញខ្លួន​នៅក្នុង​ខ្សែភាពយន្ត​ជាង ៦០ នៅ​ទូទាំង​អាជីព​របស់​លោកស្រី​ រួមទាំង​ខ្សែភាពយន្ត​កាយវិការ (​ស្ងាត់​សំឡេង​) និង​រឿង​ដំបូងបង្អស់​ដែល​ផលិត​ដោយ​មាន​បច្ចេកវិជ្ជា​ពណ៌​ធម្មជាតិ​