ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល ថបសេនធ័រ ទល់មុខរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បងប្អូនប្រជាពលរដ្ឋ បានលើកឡើង ជាសំណើ និងសំណូមពរ ពាក់ព័ន្ធការដ្ឋានសំណង់មួយកន្លែង បានរំខានដល់ការរស់នៅ របស់ពួកគាត់ និងស្នើសុំឱ្យស្ថាបនាផ្លូវលូ ផ្លូវ ភ្លើងបំភ្លឺសាធារណៈ ផងដែរ ។ ប៉ុន្តែទោះបីជា យ៉ាងណាក្តី ការស្នើសុំធ្វើឱ្យភូមិ សង្កាត់ មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈផ្សេងៗ និងបញ្ហាបរិស្ថាន មិនត្រូវបានប្រជាពលរដ្ឋ លើកឡើងសុំឱ្យជួយអន្តរាគមន៍នោះទេ។

រូបថត (​ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ )

 

វេទិកានេះ ធ្វើឡើង ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានី ។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋ បានលើកឡើងថាៈ សំណង់អគារដ៏ធំមួយកន្លែង នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានរំខានដល់ការរស់នៅរបស់ពួកគាត់ យ៉ាងខ្លាំង ដេកពួនមិនបាន និងធ្វើឱ្យលំនៅដ្ឋានរបស់ពួកគាត់ ប្រេះជញ្ជាំងថែមទៀត។

ប្រជាពលរដ្ឋ បានបញ្ជាក់ថាៈ ការដ្ឋាននេះ បានចាប់ផ្តើមការងាររបស់ខ្លួន ពីម៉ោង ៧ ព្រឹក រហូតម៉ោង ៥ ភ្លឺ ហើយនៅពេលយប់ ភាគច្រើន ក្រុមហ៊ុនសំណង់នេះ បានបុកគ្រឹះរំខាន មិនអាចឱ្យពួកគាត់ ដេកពួនបានឡើយ។ បន្ថែមពីនេះ ប្រជាពលរដ្ឋ ក៏បានស្នើសុំឱ្យស្ថាបនា ផ្លូវលូ ផ្លូវ ដាក់អំពូលភ្លើងបំភ្លឺសាធារណៈផងដែរ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថាៈ ចំពោះក្រុមហ៊ុនសំណង់ ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះ រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានធ្វើការ ណែនាំរួចហើយ ឱ្យក្រុមហ៊ុនធ្វើការងារដែលបង្កសំឡេងរំខាន នៅពេលថ្ងៃ និងធ្វើការងារ ដែលមិនរំខាននៅពេលយប់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបានរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌចំការមន និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យលើការងារនេះបន្ថែមទៀត។
ចំពោះការប្រេះអាគារវិញ លោក កើត ឆែ បានឱ្យប្រជាពលរដ្ឋ ដាក់ពាក្យបណ្តឹងមកសង្កាត់ ឬខណ្ឌ ដើម្បីមានឯកសារដោះស្រាយសំណង ជាមួយក្រុមហ៊ុនសំណង់នេះ។

ពាក់ព័ន្ធការស្នើសុំឱ្យស្ថាបនាផ្លូវលូ ផ្លូវ ដាក់អំពូលភ្លើងបំភ្លឺសាធារណៈវិញ លោក កើត ឆែ បានលើកឡើងថាៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធ ចុះសិក្សាផលប៉ះពាល់សិន បើមិនមានបញ្ហាទេ គឺយើងដោះស្រាយជូនពួកគាត់តែម្តង។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានមានប្រសាសន៍ថាៈ វេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ បានផ្តោតសំខាន់ ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះ រួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរ បានដឹងឮ និងរកយន្តការ ដោះស្រាយជូន។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើឡើងក្នុង ១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើ របស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុង រយៈពេល ២ឆ្នាំជាប់គ្នា កន្លងមកនេះ ត្រូវបានខកខាន ដោយការរាតត្បាត​ជំងឺកូវីដ-១៩។ ការរាតត្បាតជំងឺកូវីដ-១៩នេះ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានស្រោចវ៉ាក់សាំង ជូនប្រជាពលរដ្ឋ រហូតដល់ដុសទី៤ និងទី៥ ដែលបានធ្វើឱ្យ​ប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ បើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ៕ ​​V / N

រូបថតសកម្មភាព ( ប្រជាពលរដ្ឋនិងមន្ត្រីរាជការចូលរួមក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា )