ដោយៈ ប.ខុន / ភ្នំពេញៈ ភ្លៀងរលឹមដោយសារឥទ្ធិពលសម្ពាធទាប រុញមកពីភាគគ្នេយ៍ បានធ្លាក់រាយប៉ាយមិនស្មើ លើបណ្តាខេត្តជាច្រើន   ចាប់ពីខេត្តមណ្ឌលគិរី កំពង់ធំ កំពង់ឆ្នាំង ចុះមក ក្រោម (ត្បូង) ក្នុងកម្រិតពីតិចទៅបង្គួរ និងក៏មានកន្លែងខ្លះច្រើន ដូចជានៅលើភាគខាងត្បូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែតុលានេះ នាំឱ្យមាន ការលិចលង់ផ្លូវ នៅតំបន់ទំនាបមួយចំនួន ដែលបណ្តាលមកពីសំរាមស្ទះមុខទឹក។

 

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២០ ខែតុលាថាៈ  ព្យុះទី២១ ឈ្មោះ ហៃតាង (HAITANG) បានរលាយទៅវិញហើយ នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ខាងកើត ប្រទេសជប៉ុន ។ ឯព្យុះទី២០ ឈ្មោះ នេសាទ (NESAT) នៅក្នុងឈូងសមុទ្រតុងកឹង ភាគនិរតីកោះហៃណាំ ក៏បានថតឥទ្ធិពល បន្ទាប់ពីបានធ្វើឱ្យជ្រលងសម្ពាធខ្ពស់ មកពីប្រទេសចិន ចុះខ្សោយ នាំឱ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ នៅក្នុងប្រទេសកម្ពុជា ដោយសារឥទ្ធិពលសម្ពាធទាប រុញមកជាបន្តបន្ទាប់ ពីភាគអគ្នេយ៍។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ភ្លៀងដែលបានចាប់ផ្តើម ធ្លាក់រាយប៉ាយ នៅថ្ងៃទី២០ ខែតុលានេះ មានទៅដល់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្រុកស្ទោងខេត្តកំពង់ធំ តែរុញមិនដល់តំបន់ខ្ពង់រាប ភាគខាងជើងទេ។ ភ្លៀងធ្លាក់រាយប៉ាយ មិនស្មើនេះ អាចមានដល់កម្រិតពីតិចទៅបង្គួរ ដូចជានៅរាជធានីភ្នំពេញ ថ្ងៃនេះ និងកន្លែងខ្លះ មានភ្លៀងច្រើន រហូតលិចផ្លូវ ហើយការធ្លាក់ភ្លៀងបែបនេះ មានជាបន្តបន្ទាប់ រហូតដល់ចុងខែតុលា ដោយសារមានបាតុភូតថ្មីៗ កើតឡើងជាបន្តបន្ទាប់ទៀត ដើរចូលមកក្នុង សមុទ្រចិនខាងត្បូង។

របាយទឹកភ្លៀង ធ្លាក់រយៈពេល ២៤ ម៉ោង នៅរាជធានីភ្នំពេញ ថ្ងៃទី២០ តុលា នៅតម្រងមន្ទីរផ្សារដើមគរ ២១ មីលីម៉ែត្រ សាក់សំពៅ ២១ មីលីម៉ែត្រ ព្រែកឯង ៣៦ មីលីម៉ែត្រ ចាក់អង្រែ ១៥ មីលីម៉ែត្រ និងតម្រងសែនសុខ ៤១ មីលីម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តី ជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែតុលាថា នៅអំឡុងពីថ្ងៃទី១៩ ដល់ ២១ ខែតុលា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលទ្រនុង សម្ពាធខ្ពស់ ពីប្រទេសចិន។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ ( NESAT ) ដែលបានកើតមានឡើង នៅភាគខាងជើងប្រទេសហ្វីលីពីន និងថមថយឥទ្ធិពល នៅពេលធ្វើដំណើរចូលដល់ប៉ែកខាងក្រោម នៃភាគខាងជើង ប្រទេសវៀតណាម នៅថ្ងៃទី ២១ ខែតុលា និងចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែតុលា ភាគខាងត្បូង នៃប្រទេសកម្ពុជា ទទួលឥទ្ធិពលជ្រលងងសម្ពាធទាប ពីសមុទ្រចិនខាងត្បូង បង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យតំបន់ទំនាប កណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ​ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ ។ នៅអំឡុងពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា អាចមានតិចតួច តែបន្ទាប់ពីនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម និងខាងជើង ជាប់ប្រទេសវៀតណាម មានភ្លៀងធ្លាក់ ក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ​ និងខ្យល់កន្ត្រាក់។ បណ្តាខេត្តដទៃទៀត អាចមានភ្លៀងតិចតួច ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២០ ទៅ ២២ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ២៩ ទៅ ៣១ អង្សាសេ ។ ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែតុលា អាចមាន ភ្លៀងធ្លាក់តិចតួច តែបន្ទាប់ពីនោះ នឹងអាចមានភ្លៀង ក្នុងកំរិតពីតិចទៅមធ្យម លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំពោះតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ V /N