ដោយៈ គង់ហេង / កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវ ដល់ប្រជាកសិករ ជាម្ចាស់ស្រែចម្ការទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលទើប បានទទួលពូជស្រូវ ដែលរាជរដ្ឋាភិបាល បានផ្តល់ជូន សូមរួសរាន់ដាំដុះ សាប ព្រោះ ឱ្យទាន់ពេលវេលា ស្របតាមស្ថានភាពទឹកទន្លេមេគង្គ កំពុងស្រកចុះនេះ។

លោកអភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវយ៉ាងដូច្នេះ នៅពេលលោកបានអម ដំណើរលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី រួមជាមួយ ប្រតិភូជាច្រើនរូបផ្សេងទៀតរបស់ក្រសួងនេះ ចូលរួមចែកស្រូវពូជរបស់ រាជរដ្ឋាភិបាលជូន ដល់ប្រជាពលរដ្ឋចំនួនជិត ៥០០ គ្រួសារ មកពីឃុំកៀនជ្រៃ ឃុំរំចេក និងឃុំហាន់ជ័យ ស្រុកំពង់សៀម នៅព្រឹកថ្ងៃទី ២០ តុលា នេះ នៅក្នុងបរិវេណវត្តរំចេក។

លោកបានថ្លែងថាៈ ការផ្តល់ពូជស្រូវនេះ ជាការផ្តល់នូវលទ្ធភាពស្តារឡើងវិញ ដោយចាំ បាច់យកទៅទុកដាក់ឱ្យបានល្អ កុំឱ្យខូច ហើយចាត់ចែងការដាំដុះ ឱ្យបានទាន់ពេលវេលា ឱ្យស្របតាមស្ថានភាពទឹកជំនន់ទន្លេមេគង្គ កំពុងបន្តស្រកចុះ។ ពេលបានពូជស្រូវហើយ ឆាប់រួសរាន់ដាំដុះ ជៀសវាងទឹកស្រកគោករឹងដីអស់។

លោកបានបន្ថែមថាៈ នេះជាការយកចិត្តទុកដាក់របស់អាជ្ញាធរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែងដាក់ចេញនូវអនុសាសន៍ ក៏ដូចជា គោលការណ៍នានា គឺផ្តោតជាសំខាន់លើការជួយដោះស្រាយ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ពោលគឺ មិនទុកឱ្យប្រជាពលរដ្ឋ ជួបបញ្ហាខ្វះស្បៀងអាហារ។

លោកបានបន្តថាៈ ជាក់ស្តែង មកដល់ពេលនេះ យើងបានដំណើរការចែងពូជស្រូវ ដល់ប្រជាពលរដ្ឋស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀម សរុបបានប្រមាណ ២.០០០ គ្រួសារ និងនៅសល់ជាង ៨.០០០ គ្រួសារផ្សេងទៀត នៅស្រុកស្រីសន្ធរ, ស្រុកកងមាស, ស្រុកកោះសូទិន, ស្រុកបាធាយ, ស្រុកព្រៃឈរ, ស្រុកជើងព្រៃ និងស្រុកចម្ការលើ គឺជាង ១០.០០០ គ្រួសារនេះ បានរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ, ទន្លេសាប និងជំនន់ទឹកភ្លៀង ក្នុងឆ្នាំ២០២២នេះ៕ V / N