ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ បានចាប់ផ្ដើមហើយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំនេះ មានរយៈពេល ៥០ ថ្ងៃគត់ គឺរាប់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

រូបថត​ (សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ )

ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន ៣ ថ្ងៃ គឺនៅថ្ងៃទី៣ ខែវិច្ឆិកា ថ្ងៃទី១៨ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបើកកិច្ចប្រជុំ ជាមួយក្រុមចុះ ឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។​ នេះបេីយោងតាមសេចក្តីប្រកាសព័ត៍មានរបស់​ គ.ជ.ប. នៅថ្ងៃទី២០​ ខែតុលា ឆ្នាំ២០២២ នេះ ។

គ.ជ.ប.​ បានបញ្ជាក់ថាៈ​ តាមរបាយការណ៍ពីលេខាធិការដ្ឋាន រាជធានី ខេត្ត រៀបចំការបោះឆ្នោត ការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស បានបើកដំណើរការព្រមគ្នា នៅវេលាម៉ោង ៧:០០ នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ និងបានប្រព្រឹត្តទៅល្អ ពុំមានបញ្ហាប្រឈមណាមួយ ធ្វើឱ្យរាំង ស្ទះឡើយ។ ផ្អែកតាមប្រតិទិនការងារ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ត្រូវចែកចេញជា ៣ ដំណាក់កាល ដូចខាងក្រោម៖

– សម្រាប់រយៈពេល ១៥ថ្ងៃដំបូង គឺចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យ ចុះឈ្មោះបោះឆ្នោត ត្រូវបើកដំណើរការនៅតាមសាលាឃុំ សង្កាត់
– រយៈពេល ២៥ថ្ងៃបន្ទាប់ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវចល័តនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់នីមួយៗ
– រយៈពេល ១០ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកបម្រើការនៅតាមសាលាឃុំ សង្កាត់វិញ។
រយៈពេលនៃការចល័តការិយាល័យចុះឈ្មោះបោះឆ្នោត ទៅតាមភូមិក្នុងឃុំ សង្កាត់ ក្រុមប្រឹក្សា ឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត អាចកែសម្រួលទៅតាមស្ថានភាព ភូមិសាស្រ្ត និងសភាពការណ៍ជាក់ស្តែង ដើម្បីធានាឱ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិ បោះឆ្នោត ក្នុងឃុំ សង្កាត់ទាំងអស់ មានលទ្ធភាពបានមកចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា ប្រកបដោយសុវត្ថិភាព។

គ.ជ.ប.​ បានបញ្ជាក់ថាៈ មានតែប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២២ ប៉ុណ្ណោះ ទើបមានសិទ្ធិបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ដូច្នេះ សូមបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុ បោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា៕ V /N