ដោយ៖ដេប៉ូ/ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតជូន លោកស្រី ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា និងសហការី ទទួលជួបសំណេះសំណាល និងពិភាក្សា ការងារ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន ។

រូបថត(លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន)
នៅក្នុងជំនួបនេះដែរ លោកស្រី ពេជ្រ ចន្ទមុន្នី បានលើកឡើងអំពីគំនិតផ្តួចផ្តើមជំរុញសកម្មភាព កាយឬទ្ធិនារីកម្ពុជា ដោយក្នុងនោះមានសកម្មភាពបណ្តុះស្មារតីយុវនារី និងក្មេងតូចៗឱ្យចេះស្រឡាញ់ និងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន តាមរយៈការចូលរួមដាំកូនឈើ ការដាំស្តារព្រៃ ការទុកដាក់សំរាម និងការដើរកំសាន្ត តាមព្រៃក្នុងតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងកាយសម្បទា ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន។
លោក សាយ សំអាល់ បានថ្លែងស្វាគមន៍ សមាគម កាយឬទ្ធិនារីកម្ពុជា មកកាន់អគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន ជាពិសេសក្រសួងនឹងគាំទ្រលើសំណើសុំសហការខាងលើ ដែលជាសកម្មភាពនឹងបណ្តុះស្មារតី និងភាពជាគំរូដល់យុវជន យុវនារី ឱ្យបន្តការចូលរួមចំណែកលើកកម្ពស់ការអប់រំផ្សព្វផ្សាយបរិស្ថានទៅកាន់ស្រទាប់យុវជន ការបញ្រ្ជាប់ការយល់ដឹងអំពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព ផងដែរ៕ N