ដោយ:បាយ័ន/សៀមរាបៈ ក្រោយពីជំអឺកូវីដ-១៩បានថមថយស្របតាមគោលនយោបាយចាក់ស្រោចវ៉ាក់សាំង និងគោលនយោបាយបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា បានធ្វើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិបានមកកំសាន្តនៅប្រទេសកម្ពុជាមានការកើនឡើង ជាក់ស្តែងក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួន ១.៦៣៤.៣៥២នាក់។

ស្ថិតិបានឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិមាន ១៣៤.១៥២នាក់ កើនឡើង ២.០៧៥,៣២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ៦.១៦៧នាក់ ភ្ញៀវទេចរជាតិចំនួន ១.៥០០.២០០០នាក់ កើនឡើង ១.១៤៤,៤៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ១២០.៥៥២នាក់។

ដោយឡែកក្នុងរយៈពេល ១៨ថ្ងៃ(ថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា)ចុងក្រោយនេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១៧.៤៧៨សន្លឹក ធៀបរយៈ ពេលដូចគ្នានឹងឆ្នាំ២០២១ មានការកើនឡើង ២.៩៨៧,៩៩%។ នេះបើតាមការផ្សព្វផ្សាយដោយសាលាខេត្តសៀមរាប។

ជាមួយនឹងការកើនឡើងភ្ញៀវទេសចរនេះ ប្រជាពលរដ្ឋនឹងមានក្តីរំពឹងថានឹងមានការកើនឡើងនូវភ្ញៀវទេសចរជាបន្តបន្ទាប់បន្ថែមទៀតតាមរយៈការបើកចំហរជើងមេឃ៕ N