ដោយៈ​មុនីរ័ត្ន ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមនឹងអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធានអង្គភាព នៃក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសាធារណរដ្ឋគុយបា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

រូបថត ( លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា )

ថ្លែងក្នុងឱកាសនោះ លោក ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈប្រតិភូប្រទេសគុយបា ដែលបានអញ្ជើញមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំ រវាងកម្ពុជា និងគុយបា ព្រមទាំងពង្រីកកិច្ចសហការ ក្នុងវិស័យផ្សេងៗ បន្ទាប់ពីប្រទេសទាំងពីរ លើការងារសំខាន់ៗ កាលពីពេលកន្លងទៅ ថ្មីៗនេះ ។

លោក ស សុខា បានបន្តទៀតថាៈ រយៈពេល ៦២ឆ្នាំនៃទំនាក់ទំនង រវាងកម្ពុជា និងគុយបា មានលក្ខណៈស្ថេរភាព ជាពិសេសនយោបាយ មិនថាស្ថិតនៅក្នុងកាលៈទេសៈណា ក៏ដោយ ប្រទេសទាំងពីរ បន្តដាក់ស្ថានទូត ទៅវិញទៅមក ។ ក្នុងនោះផងដែរ ប្រជាពលរដ្ឋកម្ពុជា ចាំមិនភ្លេចនោះឡើយ នូវអ្វីដែលប្រទេសគុយបា បានជួយដល់ ប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាក ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ក្នុងកិច្ចជំនួបនោះដែរ លោក ស សុខា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំ ទៅកាន់ភាគីគុយបា មួយចំនួន ដូចខាងក្រោម ៖

១. នៅសល់មិនដល់ ២០០ ថ្ងៃទៀតទេ កម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមហើយ ។ កម្ពុជាដាក់ផែនការ យកមេដាយសរុប ពាក់កណ្ដាលតារាង នៃប្រទេសជាសមាជិក ក្នុងតំបន់អាស៊ាន។ ដូច្នេះស្នើឲ្យប្រទេសគុយបា ជួយជំរុញ និងគាំទ្រលើគ្រប់រូបភាព សម្រាប់វិស័យកីឡានៅកម្ពុជា និងជួយការងារបន្ទាន់មួយចំនួន មុនស៊ីហ្គេម២០២៣ តាមអាចធ្វើទៅបាន។

២. ដូចមាន ក្នុងលទ្ធផលកិច្ចប្រជុំ រវាងក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានជាតិ កីឡា អប់រំកាយ និងការលេងកម្សាន្ត នៃសាធារណរដ្ឋគុយបា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សូមស្នើគុយបា ពន្លឿនការងារជួយរៀបចំមជ្ឈមណ្ឌលកីឡាករកម្ពុជា ប្រហាក់ប្រហែលគុយបា និងជួយបញ្ជូនមន្ត្រី មករៀបចំ មុនការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ ។

៣. សូមស្នើសុំអាហារូបករណ៍បន្ថែម តាមដែលរដ្ឋាភិបាលគុយបា អាចផ្ដល់ជូនបាន សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រកីឡា និងវិស័យអប់រំ ដូចដែលធ្លាប់ផ្ដល់ជូនដល់កម្ពុជា នាពេលកន្លងមកដែរ ។ ហើយមុខវិជ្ជាវិទ្យាសាស្ត្រកីឡា គឺជាអាទិភាព និងចាំបាច់បំផុតមួយ សម្រាប់កម្ពុជា ដើម្បីអភិវឌ្ឍន៍ឱ្យស្មើមុខស្មើមាត់ ក្នុងតំបន់ អាស៊ី និងអន្តរជាតិ ។

៤. តាមដឹងមកថា ប្រទេសគុយបា មានប្រភេទកីឡាខ្លាំងៗរបស់ខ្លួនដូចជា បេសស្បល ប្រដាល់សកល បាល់ទះ ចំបាប់ បាល់បោះ និងទូកក្ដោង ជាដើម។ ស្នើឱ្យគុយបា ជួយពង្រឹងបន្ថែម លើវិស័យកីឡា ដែលជាភាពខ្លាំងរបស់គុយបា ដល់កម្ពុជា នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដ៏ខ្លីខាងមុខ ។

ទាក់ទងនឹងវិស័យបាល់ទះ នៅកម្ពុជា ជាពិសេសការប្រកួតបាល់ទះមិត្តភាព រវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្រុមបាល់ទះជម្រើសជាតិគុយបា នៅល្ងាចថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ នេះ​ លោក ស សុខា បានស្នើទៅកាន់ភាគីគុយបា៖
១. ស្នើក្រុមជម្រើសជាតិគុយបា ប្រកួតឱ្យអស់សមត្ថភាព មិនបាច់លាក់ជើងទុក ឬ ទុកមុខអ្វីទេ ព្រោះបើទុកមុខមាត់ សម្រាប់ការប្រកួតមិត្តភាពនេះ នោះយើងនឹងអាម៉ាស់ នៅថ្ងៃប្រកួតស៊ីហ្គេម ជាមិនខាន។ ដូច្នេះសូមប្រកួតអស់ពីចិត្ត និងអស់ពីសមត្ថភាព ដើម្បីឱ្យក្រុមកីឡាករបាល់ទះរបស់កម្ពុជា ដឹងអំពីចំណុចខ្សោយ យកទៅអភិវឌ្ឍន៍ខ្លួនបន្ថែម ។

២. សូមស្នើដល់ប្រតិភូគុយបា សុំអញ្ជើញក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដើម្បីទៅបំពេញ ទស្សនកិច្ច និងឈ្វេងយល់ពីការហ្វឹកហាត់ និងការអភិវឌ្ឍវិស័យបាល់ទះ នៅប្រទេសគុយបា នាថ្ងៃណាមួយ ។

៣. ស្នើបន្តកិច្ចសហប្រតិបត្តិការ ឬក៏ទំនាក់ទំនងជិតស្និទ្ធបន្ថែម រវាងសហព័ន្ធកីឡា បាល់ទះ នៃប្រទេសទាំងពីរកម្ពុជា-គុយបា ។

៤. ដោយឡែក សម្រាប់វិញ្ញាសាកម្ពុជា ដាក់ផែនការយកឈ្នះមេដាយមាស នៅក្នុងព្រឹត្តិការណ៍ តំបន់អាស៊ីអាគ្នេយ៍នេះ បន្ទាប់ពីទើបនឹងឈ្នះមេដាយសំរឹទ្ធ ជាប្រវត្តិសាស្ត្រលើកដំបូង ក្នុងព្រឹត្តិការណ៍នេះ កាលឆ្នាំមុន នៅប្រទេសវៀតណាម។ ដូច្នេះខ្ញុំស្នើឱ្យក្រុមជម្រើសជាតិគុយបា ចែករំលែកបទពិសោធខ្លះៗ បន្ទាប់ពីការប្រកួតមិត្តភាព ល្ងាចនេះរួច៕​ V / N