ដោយៈ​សុផល​/​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស ស្តីពី សេចក្តីព្រាង ផែនការ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២៣-២០២៦ ដែល​ប្រព្រឹត្តទៅ រយៈពេល ២​ពេល គឺ​នៅ រសៀល ថ្ងៃទី​១៨ និង ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប​។ លោក សុង តុង​ហាប់ រដ្ឋលេខាធិការ និង​ជា​ប្រធាន​អនុគណៈកម្មការ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​នៃ គ​.​អ​.​ទ​.​ស បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​។​

​យោងតាម​ក្រសួងទេសចរណ៍​នា​រសៀល​ថ្ងៃទី​២០ ខែតុលា កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​នេះ ចែកចេញជា​៣​ក្រុម ក្រុម​ពិភាក្សា​ទី​១ ដឹកនាំ​ដោយ លោក អាំង សុវណ្ណ​រ័ត្ន អគ្គលេខាធិការរង គ​.​ជ​.​វ​.​ទ និង​ជា​ប្រធាន​ផ្នែក​សហប្រតិបត្តិការ និង​ផ្សព្វផ្សាយ​នៃ​លេខាធិការដ្ឋាន គ​.​អ​.​ទ​.​ស​។ ក្រុម​ពិភាក្សា​ទី​២ ដឹកនាំ​ដោយ លោក គឹម សេរីរដ្ឋ អគ្គលេខាធិការរង គ​.​ជ​.​វ​.​ទ និង​ជា​ប្រធាន​ផ្នែក​ផែនការ បណ្តុះបណ្តាល និង​នីតិកម្ម នៃ​លេខាធិការដ្ឋាន គ​.​អ​.​ទ​.​ស​។​ក្រុម​ពិភាក្សា​ទី​៣ ដឹកនាំ​ដោយ លោក​ឆាយ​ឃុន​ឡុង ទីប្រឹក្សា​ក្រសួង និង​ជា​ប្រធាន​ផ្នែក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​លេខាធិការដ្ឋាន គ​.​អ​.​ទ​.​ស ។​

​ជាមួយ​លទ្ធផល​ពិភាក្សា និង​ធាតុ​ចូល​ទទួលបាន​ពី​កិច្ចពិភាក្សា អង្គសិក្ខាសាលា​ក៏​ទទួលបាន​មតិ​ចាប់អារម្មណ៍​យ៉ាង​ក្បោះក្បាយ និង​មាន​អត្ថន័យ​របស់លោក​អភិបាលរង អ៊ឺ​ង គឹម​លាង ដែលជា​តំណាង លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​មតិយោបល់​របស់លោក​អគ្គ​នាយក​គ្រឹះស្ថាន​អង្គរ លី សែ ផងដែរ​។​

​ជារួម ក្រុមការងារ​លេខាធិកា​រដ្ឋា​ន នៃ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ នឹង​យក​ធាតុ​ចូល​ពី​អង្គសិក្ខាសាលា​ទាំងមូល​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​តាក់តែង ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២៣-២០២៦ ឱ្យមាន​លក្ខណៈ​ពេញលេញ គ្រប់​ជ្រុងជ្រោយ និង​ឆ្លើយតប​ទៅនឹង​ការវិវត្ត​ជាក់ស្តែង នៃ​ស្ថានភាព​ទេសចរណ៍​កម្ពុជា តំបន់ និង​សកលលោក​៕​