ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់ស្អាតនិងមានភាពទាក់ទាញ ខណៈដែលប្រទេសកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ក្នុងការលើការកែលម្អសោភ័ណភាពរាជធានីភ្នំពេញ។

ជាក់ស្តែងនៅពេលនេះការិយាល័យសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបន្តរើការ៉ូឡាចាស់ចេញនិងរៀបការ៉ូឡាថ្មីថ្មក្រានីតលើសួនច្បារមុខវិមានសន្តិភាព,កាត់តម្រឹមផ្កាលើសួនច្បារមិត្តភាពកម្ពុជាថៃ កាត់សំអាតស្មៅលើសួនច្បារស្តាតចាស់ បន្តលះមែកដើមអំពិលបារាំងនៅមហាវិថីឈ្នះៗជាដើម។

ជាមួយគ្នានេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការ តុបតែងសួនច្បារ បំពាក់អំពូលភ្លើង ផ្កាភ្ញី ជួសជុលផ្លូវគ្រលុកសំបុកមាន់ អ៊ុតកៅស៊ូកំណាត់ផ្លូវជាច្រើនខ្សែ ពិសេសផ្លូវពាក់ព័ន្ធដែលប្រតិភូឆ្លងកាត់ពិសេសមហាវិថីសហព័ន្ធរុស្សីនេះផងដែរ។

គួរបញ្ជាក់ថា ៖កិច្ចប្រជុំកំពូលអាស៊ាននេះគ្រោងរៀបចំតាំងពីថ្ងៃទី ០៨ ដល់ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២៕/PC