ដោយៈ ដេប៉ូ / រតនគិរី៖ សមត្ថកិច្ចចម្រុះ បានចុះបង្រ្កាបករណីជួញដូរសត្វព្រៃ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅចំណុច ក្នុងផ្សារបានលុង ខេត្តរតនគិរី ដោយបានរឹបអូសវត្ថុតាង ជាសាច់សត្វព្រៃច្រើនប្រភេទ ចំនួន ២៤ គីឡូក្រាម ក្នុងនេះដូចជា សាច់ជ្រូកព្រៃ សាច់ត្រកួត សាច់ឈ្លូស។

ប្រភពពីមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី នៅវេលាម៉ោង ០៨ៈ៣០ នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបានលុង ចំនួន ៦ នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក កែវ ចាន់រី មេបញ្ជាការរង សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើបានលុង ចុះបង្គ្រាបករណីជួញដូរសត្វព្រៃ នៅចំណុចក្នុងផ្សារបានលុង (ផ្នែកខាងត្បូង) ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានចាប់យកវត្ថុតាង រួមមាន សាច់ជ្រូកព្រៃ ចំនួន ១៤ គីឡូក្រាម សាច់ត្រកួត ចំនួន ៣ គីឡូក្រាម សាច់ឈ្លូសចំនួន ៧ គីឡូក្រាម សរុបចំនួន ២៤ គីឡូក្រាម ។

បច្ចុប្បន្ន វត្ថុតាងខាងលើ បានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈេីបានលុង ដើម្បីចាត់ការ តាមនីតិវិធីបន្ត ៕/V-PC