​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ អស់​រយៈពេល ៦០ ឆ្នាំ​មកនេះ​វិបត្តិ​មី​ស៊ី​ល​គុយបា​បាន​លេចឡើង​ជា​មេរៀន​ដ៏​គួរឱ្យ​ភ័យខ្លាច​មួយ​អំពី​របៀប​ដែល​ពិភពលោក​ប៊ិះ​ឈានដល់​ថ្ងៃ​វិនាស​អន្តរាយ​ដោយ​​អាវុធ​នុយក្លេអ៊ែរ និង​របៀប​ដែល​ការដឹកនាំ​ប្រកបដោយ​ជំនាញ​បាន​បញ្ចៀស​រឿងនេះ​។​

​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀ ពូ​ទីន​បង្ហាញ​ពី​ជម្រើស​នុយក្លេអែរ​នៅ​អ៊ុ​យក្រែន ការគំរាមកំហែង​បាន​លេចឡើង​ជាថ្មី ប៉ុន្តែ​ពេល​នេះ អ្នកជំនាញ​មិន​សូវ​ច្បាស់​អំពី​វិធី​បញ្ចប់​វា​នោះ​ទេ​។​

​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន នៅ​ដើមខែ​តុលា​នេះ​បាន​ព្រមាន​ដោយ​ត្រង់ៗ​ថា ពិភពលោក​ប្រថុយ​នឹង​ការបំផ្លិចបំផ្លាញ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៦២ ដោយ​និយាយថា លោកពូ​ទីន “​មិន​និយាយ​លេង​ទេ​” អំពី​ការប្រើប្រាស់​អាវុធ​ដ៏​បំផ្លិចបំផ្លាញ​នេះ ខណៈ​យោធា​របស់​គាត់ “​អនុវត្ត​មិន​បាន​ល្អ​” នៅក្នុង​ការឈ្លានពានរ​បស់​ខ្លួន​លើ​ប្រទេស​អ៊ុ​យក្រែន​។​

​លោកបៃ​ដិនបាន​និយាយថា លោក​កំពុង​ស្វែងរក​ការផ្តល់ “​ច្រកចេញ​” ដល់​លោក​ពូ​ទីន ប៉ុន្តែ​គ្មាន​សញ្ញា​ណាមួយ​ដែល​លោកពូ​ទីន​នឹង​ចង់បាន​ជម្រើស​នេះ​នោះ​ទេ​។​

​លោក ច​ច ភើ​កូ​វិច (George Perkovich) អនុប្រធាន​សម្រាប់​ការសិក្សា​នៅ​វិទ្យាស្ថាន​ខា​ណេ​ជី​អិន​ដូ​វិនស​ម្រាប់​សន្តិភាព​អន្តរជា​តិ (Carnegie Endowment for International Peace) បាន​និយាយថា “​ខ្ញុំ​គិតថា ស្ថានភាព​នេះ​គឺ​អាច​ឈាន​ដល់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ពោលគឺ​ធ្ងន់​ជាង​ស្ថានភាព​ឆ្នាំ ១៩៦២”​។​

“​ខ្ញុំ​បាន​ធ្វើការ​ក្នុង​វិស័យនេះ​អស់​រយៈពេល ៤០ ឆ្នាំ​មកហើយ ហើយ​នេះ​គឺជា​ស្ថានភាព​ដ៏​លំបាក​បំផុត ដោយសារតែ​អ្នក​មាន​រដ្ឋ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ គឺ​ប្រទេស​រុស្ស៊ី​ដែល​មេដឹកនាំ​របស់​ខ្លួន​បាន​​កំណត់​ស្ថានភាព​មួយ​ថា​ជា​អត្ថិភាព​”​។​

​ខុស​ពី​ឆ្នាំ ១៩៦២ ពិភពលោក​ឥឡូវនេះ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​នុយក្លេអ៊ែរ​ក្នុង​ចំនួន​ច្រើន​រួមទាំង កូរ៉េខាងជើង​កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​ការសាកល្បង​បរមាណូ​មួយទៀត​។​ភាព​តានតឹង​នៅតែ​​ក្តៅគគុក​នៅ​ឡើយ​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ និង អ៊ីរ៉ង់​កំពុង​បង្កើន​ការងារ​ផលិត​អាវុធ​នុយក្លេអ៊ែរ​។​

​ប៉ុន្តែ​អ៊ុយ​ក្រែន​បង្ក​គ្រោះថ្នាក់​ពិសេស​ជាង​គេ ព្រោះ​ជម្លោះ​នេះ​គឺ​ដាក់​មហាអំណាច​នុយក្លេអ៊ែរ​ធំ​បំផុត​ទាំងពីរ​របស់​ពិភពលោក​ទល់មុខ​គ្នា​។​ការវាយប្រហារ​ណាមួយ​របស់​រុស្ស៊ី​នឹង​រំពឹង​ពាក់ព័ន្ធ​នឹង​អាវុធ​​នុយក្លេអ៊ែរ​កល​យុទ្ធ ដែល​សំដៅលើ​សមរភូមិ​និង​មិន​ត្រូវបាន​បាញ់​រវាង​ទ្វីប​នានា​នោះ​ទេ ប៉ុន្តែ​លោកបៃ​ដិន​ខ្លួនឯង​បាន​ព្រមាន​ថា វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការមិន “​ជួប​ថ្ងៃ​អ​វសា​ន្ត​”​នៅពេលដែល​​អាវុធ​នុយក្លេអ៊ែរ​ត្រូវបាន​ប្រើប្រាស់​។​

​លោកពូ​ទីន ដែល​បាន​ចោទសួរ​ពី​ភាពស្របច្បាប់​ជា​ប្រវត្តិសាស្ត្រ​របស់​អ៊ុ​យក្រែន បាន​កាត់​យក​តំបន់​ចំនួន​បួន​របស់​អ៊ុ​យក្រែន ហើយ​បាន​លើកឡើង​ថា ការវាយប្រហារ​លើ​ទឹក​ដី “​រុស្ស៊ី​”​ដែល​បាន​កាត់​​យក​ពី​អ៊ុ​យក្រែន ឬ អន្តរាគមន៍​ពី​លោកខាងលិច​ដោយផ្ទាល់ អាច​នាំ​ឱ្យ​រុស្ស៊ី​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​៕

ប្រធានាធិបតី​គុយបា ហ្វី​ដែល កា​ស្ត្រូ ជួប​ប្រធានាធិបតី​ពូ​ទីន​នៅ​ទីក្រុង​ឡា​ហាវ៉ាន​ក្នុង​ឆ្នាំ ២០០០