​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​ប្រធានាធិបតី​ប្រេ​ស៊ីល លោក លូ​ឡា ដា ស៊ី​ល​វ៉ា (Lula da Silva) បាន​ចោទប្រកាន់​នី​ម៉ា​ដែល​ទើប​បាន​បដិសេធ​ការចោទប្រកាន់​ពី​បទ​ពុករលួយ​​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ថា​បាន​គាំទ្រ​គូប្រជែង​នយោបាយ​របស់​គាត់ គឺ​លោក ជែរ បូល​សូ​ណារ៉ូ (Jair Bolsonaro) ជា​ថ្នូរ​នឹង​ការលើកលែង​បំណុល​ពន្ធ​លើ​ប្រាក់ចំណូល​។​

​នី​ម៉ា​បាន​គាំទ្រ​លោក​បូល​សូ​ណារ៉ូ​កាលពី​ខែ​មុន ខណៈ​ប្រធានាធិបតី​កំពុង​តស៊ូ​ដើម្បី​ឈ្នះ​ការបោះឆ្នោត​ឡើងវិញ​នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី ៣០ ខែតុលា​របស់​គាត់​ទល់​នឹង​អតីត​មេដឹកនាំ​ឆ្វេងនិយម លូ​ឡា​។​

​ថ្លែង​កាលពី​ថ្ងៃទី​១៨​តុលា​នៅ​ក្នុង​បទសម្ភាសន៍​លើ YouTube លោក​លូ​ឡា​បាន​និយាយ​អំពី​ការគាំទ្រ​របស់​នី​ម៉ា​សម្រាប់​លោក​បូល​សូ​ណារ៉ូ ថា​”​នី​ម៉ា​មាន​សិទ្ធិ​ជ្រើសរើស​អ្នក​ណា​ដែល​រូប​គេ​ចង់ឱ្យ​ធ្វើ​ជាប្រ​​ធានា​ធិបតី​”​។​

“​ខ្ញុំ​គិតថា រូបគេ​ខ្លាច​ថា​ប្រសិនបើ​ខ្ញុំ​ឈ្នះ​ការបោះឆ្នោត ខ្ញុំ​នឹង​រកឃើញ​អ្វី​ដែល​បូល​សូ​ណារ៉ូ​លើកលែងពី​បំណុ​លពន្ធ​លើ​ប្រាក់​ចំណូល​របស់​គេ​។ ខ្ញុំ​គិតថា នោះ​ហើយ​ជា​មូលហេតុ​ដែល​រូបគេ​ខ្លាច​ខ្ញុំ​”​។​

​បេក្ខជន​ឈានមុខ​បច្ចុប្បន្ន​គឺ​លោក​លូ​ឡា បន្ទាប់ពី​ការបោះឆ្នោត​ជុំ​ទី​មួយ​នៅ​ថ្ងៃទី ២ ខែតុលា​។ ខណៈ​ការបោះឆ្នោត​នេះ​ត្រូវ​គេ​រំពឹងថា​នឹង​ក្លាយ​ជា​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ភាគី​ទាំងពីរ​បាន​បង្កើន​​ការវាយប្រហារ​គ្នា​។​

​លោក​លូ​ឡា​បាន​និយាយថា “​ជាក់ស្តែង បូល​សូ​ណារ៉ូ​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ឪពុក (​នី​ម៉ា​)​។ ឥឡូវនេះ​រូបគេ​មាន​បញ្ហា​ពន្ធ​លើ​ប្រាក់​ចំណូល​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​”​។ ​លោក​និយាយ​នេះ​គឺ​សំដៅ​ទៅ​លើ​សេចក្តីសម្រេច​ដ៏​អំណោយផល​ដែល​កីឡាករ​រូប​នេះ​ទទួលបាន​នៅក្នុង​ការកាត់ទោស​អំពី​ការ​គេចពន្ធ​នៅក្នុង​ប្រទេសប្រេ​ស៊ីល​។​

​គាត់​ក៏បាន​និយាយ​សំដៅ​ផងដែរ​ទៅលើ​ការចោទប្រកាន់​ដែល​នី​ម៉ា​កំពុង​ប្រឈម​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​សម្រាប់​ការចោទប្រកាន់ថា​មាន​ភាពមិនប្រក្រតី​ក្នុងការ​ផ្ទេរ​មក​ក្លិប​ក្នុង​ឆ្នាំ ២០១៣​។​

​លោក​លូ​ឡា​បាន​បន្ថែមថា ទីបំផុត​វា​ជា​បញ្ហា​សម្រាប់​ទី​ភ្នាក់ងារប្រមូលពន្ធរ​បស់​ប្រទេស មិនមែន​នី​ម៉ា​នោះទេ​៕

លោក​លូ​ឡា (​ឆ្វេង​) នី​ម៉ា និង​លោក​បូល​សូ​ណារ៉ូ​