​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទូរស័ព្ទ iPhone ជំនាន់​ទី​មួយ ដែល​មិន​ទាន់​បាន​បើក​ប្រអប់​តាំងពី​ឆ្នាំ ២០០៧ ត្រូវបាន​ដាក់​លក់​ដេញថ្លៃ​ក្នុងតម្លៃ​ជាង ៥០ ដង​នៃ​តម្លៃ​ដើម​របស់​វា​។​

​ជាមួយ​នឹង​ការដេញថ្លៃ​ចាប់ផ្តើម​នៅ​តម្លៃ ២.៨០០ ដុល្លារ ឧបករណ៍​ដែល​មាន​អាយុ ១៥ ឆ្នាំ​នេះ​ត្រូវ​គេ​រំពឹងថា​នឹង​កើប​លុយ​បាន​យ៉ាងតិច ៣០.០០០ ដុល្លារ ប៉ុន្តែ​ចុងក្រោយ​ទទួលបាន ៣៩.០០០ ដុល្លារ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ដេញថ្លៃ LCG Auctions ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ទី​១៩​តុលា​។​

iPhone ដំបូង​ត្រូវបាន​បង្ហាញ​ដោយ​ស្ថាបនិក Apple លោក ស្ទីវ ចប ក្នុង​ខែមករា ឆ្នាំ ២០០៧ នៅ​សាល MacWorld San Francisco ជាមួយនឹង​ពាក្យស្លោក​ថា “Apple​បង្កើត​ទូរស័ព្ទ​​ឡើងវិញ​”​។​

​នៅ​ខែ​មិថុនា កំណែ ៨ GB ត្រូវបាន​ដាក់​លក់​ជា​សាធារណៈ​ក្នុងតម្លៃ ៥៩៩ ដុល្លារ​នៅ​ពេល​នោះ ហើយ​បាន​សបញ្ជាក់​ពី​បដិវត្តន៍​ក្នុង​ការអភិវឌ្ឍ​ស្មា​ត​ហ្វូន​។​

​ក្រុមហ៊ុន​ដេញថ្លៃ​បាន​ពណ៌នា​ទូរស័ព្ទ​នេះ​ថា​ជា “​ការច្នៃប្រឌិត​ដ៏​សំខាន់​បំផុត​និង​ឃើញ​គ្រប់​ទី​កន្លែង​នៃ​ជីវិត​របស់​យើង​”​។​

​ទូរស័ព្ទ iPhone ទីមួយ ដែល​ហៅ​ក្រៅ​ផ្លូវការ​ថា iPhone 1 ឬ iPhone 2G គឺ​មាន​ប្រភេទ​អង្គ​ផ្ទុក​ទិន្នន័យ ៤, ៨ ឬ ១៦ GB និង​កាមេរ៉ា​ទំហំ ២ មេហ្គា​ភិ​ច​សែ​ល​។​

​នេះ​គឺ​ចាញ់​ឆ្ងាយ​ពី​ទំហំ​ផ្ទុក ១ TB និង​កាមេរ៉ា​ទំហំ ៤៨ មេហ្គា​ភិ​ច​សែ​ល ដែល​ផ្តល់ជូន​ដោយ iPhone 14 Pro ចុងក្រោយបង្អស់​៕

ទូរស័ព្ទ iPhone ជំនាន់​ទី​មួយ ដែល​មិន​ទាន់​បាន​បើក​ប្រអប់​តាំងពី​ឆ្នាំ ២០០៧ ត្រូវបាន​ដាក់​លក់​ដេញថ្លៃ​ក្នុងតម្លៃ ៣៩.០០០ ដុល្លារ