ដោយៈ សុផល / ភ្នំពេញ៖ លោកបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហ៊រតា(José Ramos Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានសម្តែងការ អបអរសាទរ និងក្តីសប្បាយរីករាយ ដោយឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោកប្រធានាធិបតី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់កម្ពុជា ដែលបានគំាទ្រ យ៉ាងខ្លំាងក្លា ដល់ប្រទេសទីម័រឡេស្តេ ក្នុងការបានចូលជាសមាជិកអាស៊ាន នៅក្នុងឆ្នាំ២០២២ នេះ។

លោកប្រធានាធិបតីប្រទេសទីម័រឡេស្តេ បានសន្យានឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជា លើគ្រប់វិស័យ ឱ្យរឹងមាំថែមទៀត នៅក្នុងពេលឆាប់ៗ ខាងមុខនេះ ទីម័រឡេស្តេ និងកម្ពុជា នឹងមានជើងហោះហើរត្រង់ ជាមួយគ្នា។

ប្រធានាធិបតីប្រទេសទីម័រឡេស្តេ បានលើកឡើងដូច្នេះ ក្នុងពេលលោក ជួបសវនាការ ជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ខណៈលោកប្រធានាធិបតី បំពេញទស្សនកិច្ច ជាផ្លូវការ និងមិត្តភាព នៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី នៅកម្ពុជា នឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ទីម័រឡេស្តេ ឱ្យបានកាន់តែប្រសើរឡើង ថែមមួយកម្រិត ទៀត។

សម្តេច បានបញ្ជាក់ថាៈ កម្ពុជាបានគំាទ្រពេញទំហឹង ចំពោះប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន ទី១១ និងចូលជាសមាជិក អន្តរសភាអាស៊ាន សម្រាប់សភា ប្រទេសទីម័រឡេស្តេ ផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថាៈ ការបន្តថែរក្សាទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហគមន៍អាស៊ាន ពិតជាមានសារសំខាន់ នៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត ដែលសភាពការណ៍ សកលលោក មានការប្រែប្រួល ការវិវឌ្ឍឥតឈប់ឈរ៕/V-PC