ដោយៈ គង់​ហេង​/ កំពង់ចាម​: លោក ឌិ​ត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ទើប​ចូលកាន់​តំណែង​បានស្នើ​ឱ្យ​លោក ស៊ឹម ថា​វីរៈ ជា​ប្រធាន​មន្ទីរ​ខេត្តកំពង់ចាម​ប្រកា​សលេខ ទូរស័ព្ទ​ផ្ទាល់ខ្លួន ជូន​ដល់​ប្រជាពលរដ្ឋ​ជា​កសិករ និង​អាជ្ញាធរ ដើម្បី​បាន​យល់ដឹង​ពី​បញ្ហា​កសិកម្ម​។​

​ការស្នើ​របស់លោក​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ថ្មី នេះ​ធ្វើឡើង​នៅ​ចំពោះមុខ​សាមីខ្លួន (​លោក ស៊ឹម ថា​វីរៈ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម​) ក្នុង​ពិធី​ចែក​ពូជស្រូវ​ដល់​ប្រជាពលរដ្ឋ​ចំនួន បួន ឃុំ​ក្នុងស្រុក​កំពង់សៀម នៅក្នុង​បរិវេណ​វត្ត​រំចេក នា​ព្រឹក​ថ្ងៃទី​២០ តុលា​នេះ​។​

​លោក ឌិ​ត ទីណា បាន​ថ្លែងថាៈ ជាក់ស្តែង​កសិករ​តំណាងឱ្យ​ជិត ៥០០ គ្រួសារ​មក​ទទួលយក​ពូជស្រូវ​ឈ្មោះ OM 5451 ជា​ប្រភេទ​ស្រូវ អ៊ី​អ៊ែរ គឺមាន​កសិករ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​ធ្លាប់​ដាំ​ដំណាំ​ស្រូវ​មួយ​ប្រភេទ​នេះ​។ ដូច្នេះ​ពួកគាត់​ត្រូវការ​មន្ត្រី​ជំនាញ​កសិកម្ម​ជួយ​ពន្យល់ ប្រឹក្សា​យោបល់​ផ្ទាល់​ក្នុង​ពិធី​ចែក​ពូជស្រូវ​នេះ​តែម្តង និង​ផ្តល់​លេខ​ទូរស័ព្ទ ដើម្បី​ទទួល​ព័ត៌មាន​ពី​ចម្ងាយ​។​

​លោក​បាន​បន្តថាៈ ការដែល​លោក​ឱ្យ​ប្រធាន​ប្រកាស​លេខ​ទូរស័ព្ទ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​បែបនេះ គឺ​ដើម្បី​ប្រជាពលរដ្ឋ​បាន​ទំនាក់ទំនង​អំពី​បញ្ហា​កសិកម្ម សាកសួរ​ពី​ការ​ប្រឈម​ការដាំដុះ​ដំណាំ​ផ្សេងៗ ការចិញ្ចឹម​សត្វ សត្វ​មាន់​ជំងឺ ការព្យាបាល ការផ្តល់​យោបល់​អំពី​សុខភាព​សត្វ ឬ​ការផ្តល់​វ៉ាំ​ក់​សាំង​បង្ការ​ជំងឺ​សត្វ ជាដើម​៕​