ដោយៈ ​ទេព មង្គល / ភ្នំពេញៈ ក្នុង​គោលដៅ​ធានា​ឱ្យ​ការធ្វើ​ប្រតិបត្តិការ​កាស៊ីណូ អាច​ប្រព្រឹត្តទៅបាន​ស្របតាម​ច្បាប់ និង​លិខិត បទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែតុលា ឆ្នាំ​២០២២ នេះ អគ្គលេខាធិការដ្ឋាន នៃ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​.) បាន​ណែនាំ​ប្រតិបត្តិ​ករ កាស៊ីណូ និង​/​ឬ កម្មសិទ្ធិករ​កាស៊ីណូ ត្រូវដាក់​ពាក្យស្នើសុំ​អាជ្ញា​បណ្ណ ឬ​បន្ត​សុពលភាព អាជ្ញា​បណ្ណ​កាស៊ីណូ មក គ​.​ល​.​ក​. ហើយ​ប្រតិបត្តិ​ករ​កាស៊ីណូ និង​/​ឬ​កម្មសិទ្ធិករ​កាស៊ីណូ ដែល​ទទួលបាន​អាជ្ញា​បណ្ណ​កាស៊ីណូ​ពី គ​.​ល​.​ក​. អាចធ្វើ​ប្រតិបត្តិការ​កាស៊ីណូ​បានតែ នៅក្នុង​បរិវេណ​ទីតាំង​ដែល​បានកំណត់​នៅ ក្នុង​អាជ្ញា​បណ្ណ​កាស៊ីណូ​ប៉ុណ្ណោះ​។​

​នេះ​បើ​យោងតាម​សេចក្ដីណែនាំ ស្ដីពី​ការ​គ្រប់​គ្រង់​ប្រតិបត្តិការ​កាស៊ីណូ នៅក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែតុលា ឆ្នាំ​២០២២ នេះ អគ្គលេខាធិការដ្ឋាន នៃ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​.)​។​

​គ​.​ល​.​ក​. បានលើកឡើង​នៅក្នុង​សេចក្ដីណែនាំ​របស់ខ្លួន​ថាៈ អនុលោម​តាម​មាត្រា​៤ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ចែងថា “​គណៈកម្មការ​គ្រប់គ្រង​ល្បែង ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​.) មាន​សមត្ថកិច្ច​ក្នុងការ​ស្នើឡើង​នូវ គោលនយោបាយ ចេញ​បទ​ប្បញ្ញត្តិ គ្រប់គ្រង ត្រួតពិនិត្យ ផ្តល់​អាជ្ញា​បណ្ណ ប្រមូល​ចំណូល និង​ចាត់វិធានការ ចាំបាច់​ទាំងឡាយ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម សមា​ហ​រ័​ណ និង​ល្បែង​ពាណិជ្ជកម្ម​” ។​

​ក្នុង​គោលដៅ​ធានា​ឱ្យ​ការធ្វើ​ប្រតិបត្តិការ​កាស៊ីណូ អាច​ប្រព្រឹត្តទៅបាន​ស្របតាម​ច្បាប់ និង​លិខិត បទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម អគ្គលេខាធិការដ្ឋាន នៃ គ​.​ល​.​ក​. សូម​សូម​ធ្វើការ​ណែនាំ ដូចខាងក្រោម​៖

១. ប្រតិបត្តិ​ករ​កាស៊ីណូ និង​/​ឬ កម្មសិទ្ធិករ​កាស៊ីណូ ត្រូវដាក់​ពាក្យស្នើសុំ​អាជ្ញា​បណ្ណ ឬ​បន្ត សុពលភាព​អាជ្ញា​បណ្ណ​កាស៊ីណូ មក គ​.​ល​.​ក​. ដោយ​ត្រូវ​ផ្អែក​ជា​ចម្បង​លើ​គោលការណ៍ អនុញ្ញាត​ពី​រាជរដ្ឋាភិបាល (​សជណ​) ដែល​បានកំណត់​យ៉ាងច្បាស់​នូវ​ទីតាំង​ភូមិសាស្ត្រ​នៃ ការស្នើសុំ​អភិវឌ្ឍ​កាស៊ីណូ និង​លក្ខខណ្ឌ​ទាំងឡាយ ដែល​មានចែង​ក្នុង​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​។​

២. ប្រតិបត្តិ​ករ​កាស៊ីណូ និង​/​ឬ​កម្មសិទ្ធិករ​កាស៊ីណូ ដែល​ទទួលបាន​អាជ្ញា​បណ្ណ​កាស៊ីណូ​ពី គ​.​ល​.​ក​. អាចធ្វើ​ប្រតិបត្តិការ​កាស៊ីណូ​បានតែ​នៅក្នុង​បរិវេណ​ទីតាំង​ដែល​បានកំណត់​នៅ ក្នុង​អាជ្ញា​បណ្ណ​កាស៊ីណូ​ប៉ុណ្ណោះ​។​

៣. ប្រតិបត្តិ​ករ​កាស៊ីណូ និង​/​ឬ កម្មសិទ្ធិករ​កាស៊ីណូ ដែល​ធ្លាប់មាន​អាជ្ញា​បណ្ណ​កាស៊ីណូ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​បានដាក់​ពាក្យស្នើសុំ និង​កំពុង​បំពេញ​លក្ខខណ្ឌ តម្រូវ ដើម្បី​បន្ត​សុពលភាព​អាជ្ញា​បណ្ណ ឆ្នាំ​២០២២ គ​.​ល​.​ក​. បានចេញ​លិខិតបញ្ជាក់ នីតិភាព ជូន​សម្រាប់ បន្ត​និរន្តរភាព​អាជីវកម្ម​កាស៊ីណូ សម្រាប់​ឆ្នាំ​២០២២ នេះ ស្របច្បាប់ និង​អាចធ្វើ​ប្រតិបត្តិការ កាស៊ីណូ​បានតែ​នៅក្នុង​បរិវេណ​ទីតាំង ដែល​បានកំណត់​នៅក្នុង លិខិតបញ្ជាក់​នីតិភាព ប៉ុណ្ណោះ ហើយ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង និង​ត្រួតពិនិត្យ យ៉ាង​តឹងរ៉ឹង​របស់ គ​.​ល​.​ក​.​។​

៤. ប្រតិបត្តិ​ករ​កាស៊ីណូ និង​/​ឬ​កម្មសិទ្ធិករ​កាស៊ីណូ ត្រូវ​ដាក់តាំង​បង្ហាញ​អាជ្ញា​បណ្ណ ឬ​លិខិត បញ្ជាក់​នីតិភាព​ច្បាប់ដើម នៅ​កន្លែង​ដែល​អាច​មើលឃើញ ក្នុង​ទីតាំង​ធ្វើ​អាជីវកម្ម​របស់ខ្លួន​។ ករណី​មានការ​ប្រើប្រាស់​អាជ្ញា​បណ្ណ ឬ​លិខិតបញ្ជាក់​នីតិភាព​ថតចម្លង នៅ​ទីតាំង​ផ្សេង​នឹង ត្រូវ​ចាត់ទុកថា ជាការ​ក្លែងបន្លំ ដែល​ត្រូវ​ប្រឈម​នឹង​ការចាត់វិធានការ​នានា​តាមច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​ជា​ធរមាន​។​

៥. ប្រតិបត្តិ​ករ​កាស៊ីណូ និង​/​ឬ​កម្មសិទ្ធិករ​កាស៊ីណូ ត្រូវ​បង់​ចំណូល​កាតព្វកិច្ច​ពី​ល្បែង​គ្រប់ ប្រភេទ ដែល​ដំណើរការ​ក្នុង​បរិវេណ​កាស៊ីណូ និង​កាតព្វកិច្ច​ផ្សេងៗ​ទៀត ឱ្យបាន​គ្រប់​ចំនួន និង ទាន់ពេលវេលា ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

​ក្នុងករណី​ប្រតិបត្តិ​ករ​កាស៊ីណូ និង​/​ឬ​កម្មសិទ្ធិករ​កាស៊ីណូ មិន​អនុវត្តតាម​សេចក្ដីណែនាំ​នេះ ត្រូវ​ចាត់ទុកថា បាន​ប្រព្រឹត្តល្មើស ទៅនឹង​ច្បាប់​ស្តីពី ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ដែល​ត្រូវ​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​រដ្ឋបាល និង​/​ឬ ពិន័យ​អន្តរការណ៍ ស្របតាម​ការ កំណត់ដោយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ជា​ធរមាន​។​

​អគ្គលេខាធិការដ្ឋាន នៃ គ​.​ល​.​ក​, សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រតិបត្តិ​ករ​កាស៊ីណូ និង​/​ឬ កម្មសិទ្ធិករ កាស៊ីណូ នឹង​យកចិត្តទុកដាក់​អនុវត្តតាម​ខ្លឹមសារ នៃ​សេចក្ដីណែនាំ​នេះ ប្រកបដោយ​ប្រសិទ្ធភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕/V