​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​តុលា​ថា ម៉ាឡេស៊ី​នឹង​រៀបចំ​ការបោះឆ្នោត​មុន​កាល​កំណត់​នៅ​ថ្ងៃទី ១៩ ខែវិច្ឆិកា​ដោយ​គណបក្សកាន់អំណាច​​កំពុង​ស្វះស្វែង​រក​ការ​ត្រឡប់​មក​កាន់​អំណាច​វិញ​របស់​ខ្លួន បន្ទាប់​ពី​អតីត​មេដឹកនាំ​របស់​ខ្លួន​ត្រូវបាន​ដាក់​គុក​ពី​បទ​ពុករលួយ​។​

​គណបក្ស​អង្គការ​ជាតិ​ម៉ាឡេ​រួបរួម (UMNO)​ដែល​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល​ជាង ៦០ ឆ្នាំ ត្រូវបាន​បោះឆ្នោត​ទម្លាក់​ក្នុង​ឆ្នាំ ២០១៨​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​ប៉ុន្តែ​បាន​កេងចំណេញ​ពី​ភាព​ច្របូក​​ច្របល់​ក្នុងចំណោម​គណបក្ស​ប្រឆាំង​ដើម្បី​ដណ្តើម​អំណាច​មក​វិញ​ក្នុង​ឆ្នាំ ២០២១​។​

​នាយករដ្ឋមន្ត្រី អ៊ី​ស្មា​អ៊ី​ល សា​ប្រ៊ី យ៉ា​កូប (Ismail Sabri Yaakob) ឥឡូវ​នេះ​បាន​សម្រេចចិត្ត​រៀបចំ​ការបោះឆ្នោត​មុន​កាល​កំណត់​មួយ​ឆ្នាំ​ក្នុង​គោលបំណង​ពង្រីក​សំឡេង​ភាគច្រើន​ដ៏​ស្តួច​ស្តើង​​នៃ​ក្រុមចម្រុះ​ជាតិ​បារី​ស្លា​ន (Barislan)​ដែល​បក្ស UMNO ជា​អ្នកដឹកនាំ​។​

​ការប្រកាស​កាលបរិច្ឆេទ​បោះឆ្នោត​នេះ​ធ្វើឡើង​ប្រាំបី​សប្តាហ៍​បន្ទាប់​ពី​អតីត​នាយករដ្ឋមន្ត្រី​និង​ជា​មេដឹកនាំ​បក្ស UMNO លោក ណា​ជីប រ៉ា​ហ្សាក់ (Najib Razak)​បានចាប់ផ្តើម​ជាប់គុក ១២​ឆ្នាំ​ពី​​បទ​ពុករលួយ​ក្នុង​រឿងអាស្រូវ​ហិរញ្ញវត្ថុ 1MDB ។​

​ឥឡូវនេះ អ្នកសង្កេតការណ៍​មួយចំនួន​បារម្ភ​ថា ការ​ឈ្នះឆ្នោត​របស់​បក្ស UMNO​ក្នុង​ខែវិច្ឆិកា អាច​ឃើញ​លោក​ណា​ជីប​ត្រូវបាន​ដោះលែង​ហើយ​ការស៊ើបអង្កេត​ប្រឆាំង​អំពើពុករលួយ​បន្ថែម​ទៀត​នឹង​​ត្រូវ​បញ្ចប់​។​

​មេដឹកនាំ​បក្សប្រឆាំង​ជើង​ចាស់​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែល​ជា​ប្រធាន​បក្ស​សម្ពន្ធ​ប៉ា​កាតា​ន ហា​រ៉ា​ប៉ាន (Pakatan Harapan) ជា​គូប្រជែង​ជូរចត់​របស់​បក្ស UMNO បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​យើង​ចង់​បញ្ចប់​អំពើ​ពុករលួយ​”​។​

​លោក​បាន​បន្ថែមថា “​បញ្ហាសំខាន់ៗ​ដែល​យើង​កំពុង​លើកឡើង​គឺ​អំពី​ថ្លៃ​ចំណាយ​លើ​ការរស់នៅ លំនៅឋាន​សមរម្យ សុខភាព និង គុណភាព​អប់រំ​”​។​

​គណបក្ស​ផ្សេង​ទៀត ដែល​ចូលរួម​ការបោះឆ្នោត​ដែរនោះ រួម​មាន​បក្ស​ប៉េ​ជួង (Pejuang) ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​អាយុ ៩៧ ឆ្នាំ លោក មហា​ធៀ មហា​ម៉ាត់ ដែល​ដាក់ខ្លួន​គាត់​ប្រជែង​យក​តំណែង​នាយក​រដ្ឋមន្ត្រី​ជា​លើក​ទី​បី​។​

​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត លោក អាប់​ឌុល ហ្គានី សាល់​ឡេស (Abdul Ghani Salleh)​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ថ្ងៃ​តែងតាំង​បេក្ខជន​នឹង​ត្រូវ​ធ្វើឡើង​នៅ​​ថ្ងៃទី ៥ ខែវិច្ឆិកា​៕

​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត លោក អាប់​ឌុល ហ្គានី សាល់​ឡេស និយាយថា​ការបោះឆ្នោត​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៩​វិច្ឆិកា