ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ កម្មវិធីរៀបចំប្រណាំងទូកសហគមន៍បន្ទាយឆ្មារ ឆ្នាំនេះ មិនប្រារព្ធធ្វើនៅកសិណខាងកើត និងខាងត្បូង ប្រាសាទបន្ទាយឆ្មារ ដូចសព្វមួយ ដងទេ ក៏ប៉ុន្តែត្រូវប្តូរទៅធ្វើនៅលើផ្ទៃទឹក ប្រាសាទបារាយណ៍មេបុណ្យ នៅមុខបរិវេណ កំពង់ទឹក បារាយណ៍មេបុណ្យវិញ ដែលទីតាំងនោះ ស្ថិតភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដោយសារ បារាយណ៍នេះ ត្រូវបានក្រុមការងារស្តារ ជួសជុលបិទទំនប់ជាប់ ហើយទឹកជំនន់ បានហូរចូល កន្លងមក ហើយមានធារទឹកពេញប្រៀប ហើយមកទល់ពេល នេះ ទឹកនៅសមស្រប សម្រាប់រៀបចំពិធីប្រណាំងទូកបាន។​ នេះបើតាមលោក តាត សុផល ប្រធានសហគមន៍ទេសចរណ៍ ប្រាសាទបន្ទាយឆ្មារ បានឱ្យដឹង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ ។

លោកបានបន្តថាៈ កម្មវិធីប្រណាំងទូកសហគមន៍ (ទូកតូច ចំណុះតិច) គ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ​៣០-៣១​ ខែតុលា ដល់ថ្ងៃទី ១​ ខែវិច្ឆិកា ឆ្នាំ២០២២​ ខាងមុខនេះ ។

អំពីទំនាក់ទំនងរបស់បេក្ខជនចំណុះទូក និងឈ្មោះទូក ដែលមានបំណងចូលរួម សប្បាយរីករាយ និងប្រកួត លោក តាត សុផល បាននិយាយថាៈ ក្រុមការងារ បាននឹងកំពុងចាប់ផ្ដេី មទទួលពាក្យកីឡាករ – កីឡាការិនី រហូតមក ហើយឈប់ទទួលពាក្យ នៅថ្ងៃទី​២៨​ ខែតុលា ឆ្នាំ២០២២​ វេលា​ម៉ោង ៤:៣០​ នាទី រសៀល។

សូមបញ្ជាក់ថា ក្រុមដែលបានដាក់ពាក្យហើយ អាចមកអុំសមកម្លាំងបាន រហូតដល់ថ្ងៃ ប្រកួត ហើយក្រុមដែលមិនទាន់បានដាក់ពាក្យ អាចទំនាក់ទំនង នៅទីតាំងទទួលពាក្យ ក្នុងប្រាសាទបន្ទាយឆ្មារ​ឬតាមទូរសព្ទលេខ:​ Metfone 067 675 707 , Smart 087 675 707, Cellcard 017 675 707 / 085 794 358 ។

ចំណែកលោក ហេង សុភក្តិ មេឃុំបន្ទាយឆ្មារ បានប្រាប់រស្មីកម្ពុជា​ ឱ្យដឹងដែរថាៈ ២ឆ្នាំ កន្លងមក វិបត្តិសាកលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កម្មវិធីរៀបចំពិធីប្រណាំងទូក នៅកសិណប្រាសាទបន្ទាយឆ្មារ បានផ្អាក ។ ដោយឡែក នៅឆ្នាំនេះ ស្ថានការណ៍ជំងឺនេះ បានធូរស្រាលច្រើន ទើបអាជ្ញាធរមានសមត្ថកិច្ច អនុញ្ញាតឱ្យរៀបចំពិធីប្រណាំងទូក សហគមន៍ នៅបន្ទាយឆ្មារឡើងវិញ ដើម្បីឧទ្ទិសដល់ព្រះរាជពិធីបុណ្យអុំទូកផង និងបង្កលក្ខណៈឱ្យពលរដ្ឋ បានកម្សាន្តសប្បាយ នារដូវរំហើយ និងក៏ជំរុញការ ទាក់ទាញភ្ញៀវទេសចរ ផងដែរ ។

គួររំលឹកថា នៅតំបន់ប្រាសាទបន្ទាយឆ្មារ តាំងពីដើមរៀងមក (លើកលែងតែក្នុងសម័យ កម្ពុជាប្រជាធិបតេយ្យ) រាល់ឆ្នាំ ក្នុងអំឡុងចេញព្រះវស្សា / បុណ្យកឋិនទាន ឬនៅចុងខែតុលា / ដើមខែវិច្ឆិកា (តាមលក្ខណៈអំណោយផលនៃទឹក) អ្នកស្រុកតែងប្រារព្ធ ការអុំទូកសហគមន៍ (ទូកតូចៗ និងខ្ទះ) នៅក្នុងកសិណប្រាសាទបន្ទាយឆ្មារ ។ នោះមកពី ទី១-ដើម្បីកម្សាន្តសប្បាយ ជួបជុំប្រាស្រ័យគ្នា ។ ទី២-ដោយសារលើថែវ / ជញ្ជាំងខាងមុខ ផ្នែលខាងស្តាំ នៃប្រាសាទបន្ទាយឆ្មារ មានរូបចម្លាក់ចម្បាំងជើងទឹក រវាងកងទ័ពខ្មែរ ប្រយុទ្ធនឹងកងទ័ពចាម នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ។ ទី៣-អបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ៕ V / N