​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ទីក្រុង​ប៉េកាំង​របស់​ចិន​កំពុ​បង្កើន​វិធានការ​ដើម្បី​បញ្ឈប់​កូ​វីដ​១៩ ដោយ​ពង្រឹង​ការត្រួតពិនិត្យ​និង​បិទ​ខ្ទប់​អាគារ​ស្នាក់​នៅ​ខ្លះ​ក្រោយ​ពី​ការឆ្លង​កើន​ឡើង​មួយ​ជា​បួន​​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ ចំ​ពេល​សមាជ​បក្ស​កុំម្មុយនីស្ត​នៅក្នុង​ទីក្រុង​នេះ​ឈាន​ចូល​ដំណាក់កាល​ប្រជុំ​ពេញបន្ទុក​។​

​ទីក្រុង​ដែល​មាន​មនុស្ស​២១​លាន​នាក់​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​ចំនួន​ឆ្លង​ថ្មី​១៨​នាក់​សំរាប់​ថ្ងៃ​ពុធ ដោយ​នាំ​អោយ​ចំនួន​ឆ្លង​សរុប​នៅ​ដប់​ថ្ងៃ​មកនេះ​កើន​ដល់​១៩៧​នាក់​ដែល​ស្មើ​នឹង​បួន​ដង​នៃ​​ចំនួន​ឆ្លង​៤៩​នាក់​ដែល​ត្រូវបាន​រកឃើញ​កាលពី​ដប់​ថ្ងៃមុន​នោះ​។​

ទោះជា​ចំនួន​ឆ្លង​នេះ​តិចតួច​ធៀប​នឹង​ការឆ្លង​នៅក្នុង​ប្រទេស​ដទៃ គោលនយោបាយ​សូន្យ​កូ​វីដ​របស់​ចិន​បង្ខំ​អោយ​រដ្ឋធានី​នេះ​ចាត់​វិធានការ​បង្ការ ជា​ពិសេស​ចំ​ពេល​គណបក្ស​កុំម្មុយនីស្ត​កំពុង​រៀបចំ​បើ​​ក​កិច្ចប្រជុំ​ប្រាំ​ឆ្នាំ​ម្តង​ដ៏​សំខាន់​ដែល​មាន​ការចូលរួម​ពី​ប្រតិភូ​ជា​ង​២​ពាន់​នាក់​មកពី​គ្រប់​ច្រកល្ហក​នៃ​ប្រទេស​។​

​អាជ្ញាធរ​សុខាភិបាល​ក្រុង​ប៉េកាំង​បាន​អំពាវនាវ​អោយមាន​ការត្រួតពិនិត្យ​បុគ្គល​ប្រឈម​អោយ​ខ្លាំង​ឡើង​ហើយ​ត្រួតពិនិត្យ​ប្រជាជន​ដែល​បាន​ចូលក្នុង​ហ្វូង​មនុស្ស ដូចជា​ផ្សារ​និង​កន្លែង​ហាត់ប្រាណ​។​អា​​គារ​មនុស្ស​រស់​នៅ​ខ្លះ​ដែល​មាន​អ្នក​កើតកូ​វីដ ត្រូវ​បិទ​ខ្ទប់​បី​ថ្ងៃ​ហើយ​អាច​ត្រូវ​បន្ថែម​ពេល​បិទ​ខ្ទប់​បើ​មាន​ការឆ្លង​ថ្មី​នៅ​ទីនោះ​។​

​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ចិន​បាន​សន្យា​អនុវត្ត​ខ្ជាប់ខ្ជួន​គោលនយោបាយ​សូន្យ​កូវី​ដ​ទោះជា​សាធារណជន​មិន​សប្បាយចិត្ត​និង​ប៉ះពាល់​សកម្មភាព​សេដ្ឋកិច្ច ដែល​ធ្វើអោយ​រលាយ​អស់​ការ​រំពឹងថា​នឹង​មាន​ការ​​បន្ធូរបន្ថយ​វិធានការ​ប្រឆាំង​ជំងឺឆ្លង​សកល​នេះ​បន្ទាប់​ពី​សមាជ​បក្ស​នេះ​ទៅ​។​

​ទីក្រុង​សៀង​ហៃ​ក៏ដូចជា​ទីក្រុង​ចិន​ជា​ច្រើន​ទៀត​ដែរ​កំពុង​តស៊ូ​ប្រយុទ្ធ​នឹង​ការផ្ទុះកូ​វីដ​រប៉េះរប៉ោះ​និង​មាន​ផែន​ការ​សាងសង់​ទីតាំង​ចត្តា​ឡីស័​កមួយ​ដែល​អាច​ដាក់​មនុស្ស​បាន​៣.២៥០​នាក់​។​កាលពី​ខែ​មេ​​សា​ដល់​ឧសភា ទីក្រុង​ដែល​មាន​មនុស្ស​២៥​លាន​នាក់​នេះ​ជួប​ការបិទ​ខ្ទប់​អូសបន្លាយ​ពេល​មួយ​ក្រោយ​ពី​មនុស្ស​រាប់រយ​នាក់​ឆ្លង​កូ​វីដ​នៅទីនោះ​៕

​បុគ្គលិក​ពេទ្យ​ពាក់​សម្លៀកបំពាក់​ការពារ​ឈរ​ក្បែរ​មនុស្ស​មួយ​ជួរ​នៅ​កន្លែង​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​នៅក្នុង​ទីក្រុង​ប៉េកាំង​