ដោយ៖ ដេប៉ូ / ភ្នំពេញ៖ បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដី អំពាវនាវ ស្ដីពីការលើកទឹកចិត្តដល់សិស្សានុសិស្ស ក្នុងការចាប់យកជំនាញបច្ចេកវិទ្យា ឌីជីថល ដោយសារបច្ចុប្បន្ន វិស័យបច្ចេកវិទ្យានេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងមិនអាចខ្វះបាននោះ ត្រូវបានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី សម្តែងការគាំទ្រ និងបានជំរុញដល់សិស្ស និស្សិត ត្រូវស្វះស្វែងរករៀនមុខជំនាញ ទាំងនេះ ពីព្រោះថា ជាមុខជំនាញ មានទីផ្សារល្អ និងមានការប្រើប្រាស់មិនអាចខ្វះបាន ទាំងពេលបច្ចុប្បន្ន និងអនាគត។

ការថ្លែងបញ្ជាក់ឱ្យដឹងពីសំណាក់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាអ្នកវិនិយោគ លើវិស័យអប់រំដ៏ល្បីឈ្មោះ រូបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីបអាមេរិកកាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

ខណៈពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប ដែលនឹងត្រូវ ប្រឡងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ផងដែរ ត្រូវបានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឱ្យពិចារណាក្នុងការជ្រើសរើស ក្នុងចំណោមមុខជំនាញទាំងនេះ ពីព្រោះថា ជាមុខជំនាញសំខាន់ ហើយប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ឬប្រមាណ ៧៥ ភាគរយ ហើយដែលត្រូវការលើវិស័យបច្ចេកវិទ្យា ដែលក្នុងនេះដូចជា វិស័យសំណង់ អគ្គិសនី ជួសជុល ជាដើម។ សម្រាប់ប្រទេសកម្ពុជាយើង បច្ចុប្បន្ន គឺត្រូវការមុខជំនាញនេះ ខ្លាំងណាស់។

អ្នកឧកញ៉ា បានមានប្រសាសន៍ថាៈ ”សូមឱ្យក្មួយៗ និងប្អូនៗទាំងអស់ ដែលជាប់បាក់ឌុប ឬមិនជាប់បាក់ឌុបក្តី កុំសម្លឹងតែទៅបន្តចូល សាកលវិទ្យាល័យ ពីព្រោះ អ្នកបញ្ចប់ថ្នាក់ សាកលវិទ្យាល័យ ពេលចូលធ្វើការ អាចទទួលបានប្រាក់ខែ តែប្រមាណ ៣០០ ដុល្លារ ក្នុងមួយខែទេ តែអ្នកដែលបញ្ចប់ជំនាញបច្ចេកវិទ្យា ទទួលប្រាក់ខែយ៉ាងតិចពី ៤០០ ទៅ ៥០០ ដុល្លារ និងអ្នកខ្លះអាចឈានរហូតដល់ ១.០០០ ដុល្លារថែមទៀត។ យើងមិនចាំ បាច់រៀន ដល់សាកលវិទ្យាល័យទេ រៀនមុខជំនាញក៏ល្អដែរ ហើយបើយើងរៀនចប់ ហើយបានប្រាក់ខែខ្ពស់នោះ វាជោគជ័យហើយ”។

ដោយឡែក ទាក់ទិននឹងបច្ចេកវិទ្យាឌីជីថល ដែលទាក់ទិននឹងរឿងជំនាញកុំព្យូទ័រ ខាងប្រូក្រាម ខាងទូរស័ព្ទ ដែលទាក់ទិននឹងបច្ចេកវិទ្យា អាយធី ក៏សំខាន់បំផុតមួយទៀត ពីព្រោះថា​ នៅប្រទេសណាក៏ដោយ ក៏ត្រូវការចាំបាច់បំផុត។ បើពុំចេះមុខជំនាញទាំង នេះទេ គឺដើរមិនទាន់គេទេ ហើយតាមរយៈមុខជំនាញនេះដែរ គឺសិស្សនិស្សិត ត្រូវតែចេះ ស្វែងយល់សិក្សាឱ្យបានគ្រប់គ្នា។ ក្នុងមុខជំនាញនេះ បច្ចុប្បន្ន គឺគេត្រូវការស្ទើរគ្រប់ទីកន្លែង មិនថា អ្នកប្រកបការងារ អ្នករកស៊ី ឬសូម្បីតែប្រជាពលរដ្ឋធម្មតា រស់នៅតាមខេត្ត ក្រុង ចាំបាច់ត្រូវការប្រើប្រាស់វា មិនអាចខ្វះបានសោះឡើយ។

ជាមួយគ្នានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អំពាវនាវឱ្យសាលារៀនទាំងអស់ បើកបង្រៀនបច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់គេ និងដើរឱ្យទាន់ទីផ្សារ នៅថ្ងៃខាងមុខ។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី​បានធ្វើការដាស់តឿនថាៈ “សព្វថ្ងៃនេះ បើយើងអត់ចេះបច្ចេកវិទ្យាឌីជីថល គឺយើងចាញ់គេហើយ មុខជំនាញនេះ មិនអាចខ្វះ បានទេ។ ហេតុនេះ ក្មួយៗ ប្អូនៗ គប្បីស្វះស្វែងរៀនសូត្រ និងសិក្សាស្វែងយល់ឱ្យបាន គ្រប់គ្នា ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ក៏ដូចជាប្រទេសជាតិ”។

គួរបញ្ជាក់ថា ទាក់ទិននឹងការបង្កើតសាលារៀនវិញ ត្រូវបានឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ឱ្យដឹងថាៈ ក្នុងឆ្នាំ ២០២២ នេះ លោកបានបន្តពង្រីកសាខាមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីបអាមេរិកកាំង ឆ្ពោះទៅតាមបណ្តាខេត្តជាច្រើនទៀត ខណៈសាខាខេត្តតាកែវ ជាសាខាទី១៥ ហើយសាខាខេត្តកំពង់ចាម បន្ទាយមានជ័យ រតនគិរី ស្ទឹងត្រែង ទួលសង្កែ សែនសុខ និងសាខាចំការដូង ក៏នឹងគ្រោងសម្ពោធដាក់ឱ្យ ដំណើរការ ក្នុងពេលខាងមុខ ជាបន្តបន្ទាប់៕ V / N