ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ​កងទ័ព​ជើងគោកបានបញ្ជាក់ថាក្នុងនាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទភារកិច្ចអាទិភាព ចម្បងគឺការពារ និងស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ដើម្បីធ្វើយ៉ាងណាថែរក្សាការពារសនិ្តភាព បូរណភាពទឹកដី សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋតាមរយៈការតៀមប្រុងប្រៀបជាប់ជាប្រចាំក្នុងការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានដើម្បីភាពម្ចាស់ក្នុងការ ឆ្លើយតបទៅគ្រប់ស្ថានការណ៍យថាហេតុនានា។

លោកឧត្តមសេនីយ៍ឯកបញ្ជាក់នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៥៣យោធភូមិភាគទី៥ និងពិធីសំណេះសំណាលសួរសុខទុក្ខរបស់អង្គភាពសម្ព័ន្ធមេត្រីភាព ខេត្តបាត់ដំបងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តទៀតថា នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោបាននាំមកនូវសុខ សន្តិភាពនិងភាពសុខុដុមរមនាដល់សង្គមជាតិខ្មែរទាំងមូលជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ គឺប្រាកដជាយល់ច្បាស់អំពីអត្ថន័យ និងគុណបំណាច់នេះយ៉ាងជាក់ច្បាស់ព្រោះបានឃើញជាក់ស្តែង នូវការផ្លាស់ប្តូរប្រែមុខប្រែមាត់ពីតំបន់ដែលធ្លាប់ប្រយុទ្ធគ្នា មកជាទីតាំងពោរពេញសុខសន្តិភាពនិងការអភិវឌ្ឍ រីកចម្រើន។

លោកបន្តដោយសង្កត់ធ្ងន់ថាផ្ទុយពីនយោបាយដើម្បីតែចំណេញរបស់អ្នកនយោបាយជ្រុលនិយមមួយចំនួនដែលតែងតែធ្វើការញុះញង់ អុចអាលតាមគ្រប់រូបភាព ក្នុងបំណងនាំឱ្យមានការបែកបាក់សាមគ្គីភាព និងបង្កជម្លោះក្នុងសង្គមជាតិដើម្បីធ្វើយ៉ាងណាបំពេញមហិច្ឆតានយោបាយរបស់ខ្លួន។ដូចនេះសូមបន្តចូលរួមថែរក្សានូវសុខសន្តិភាពនេះឱ្យបានឋិតឋេរយូរអង្វែងតជំនាន់ ព្រមទាំងប្រឆាំងដាច់ខាតចំពោះចលនាខុសច្បាប់ ដែលអាចបង្កើតចលាចល និងអូសទាញប្រទេសជាតិទៅរកស្ថានភាពសង្គ្រាមទ្បើងវិញ៕សរន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបាន​បញ្ជាក់ថា​ក្នុងនាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទភារកិច្ចអាទិភាព ចម្បងគឺការពារ និងស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ (រូបថតហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)