ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺ: កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យទីតាំង អាហារដ្ឋាន យីហោ ម្លប់ពោធិរំលេច ស្ថិតនៅក្នុងភូមិព្រៃក្តី សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ហើយបានឃាត់ខ្លួនស្ត្រីពីរនាក់ ជាមេការ អាហារដ្ឋាន ពាក់ព័ន្ធករណីបង្ខាំងក្មេងស្រី អនីតិជន ចំនួន ៦នាក់ ក្នុងចំណោម មនុស្សស្រី ៨ នាក់ ដែលសមត្ថកិច្ច បានរំដោះចេញ ។

មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថាៈ ការចុះត្រួតពិនិត្យទីតាំងអាហារដ្ឋាន យីហោ ម្លប់ពោធិរំលេចនេះ ដឹកនាំដោយលោក រ៉ែន នរិទ្ធិ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ស្ពឺ បានរកឃើញមានករណីសញ្ចារកម្ម ក្នុងប្រតិបត្តិការ ព្រមទាំងបានឃាត់ខ្លួនស្ត្រីពីរនាក់ ជាមេការអាហារដ្ឋាន ក្នុងនោះមាន ១.ឈ្មោះ លួន សុខខួច អាយុ ៣៧ ឆ្នាំ និង ២.ឈ្មោះ ឃឺន ផាត អាយុ ៣១ ឆ្នាំ ហើយបានសង្រ្គោះក្មេងស្រី បានចំនួន ៨ នាក់ ក្នុងនោះមានក្មេងស្រីមិនទាន់គ្រប់អាយុ ចំនួន ៦ នាក់។

ប្រភពដដែល បានបន្តទៀតថាៈ ក្រោយការឃាត់ខ្លួនស្ត្រីជាមេការ និងរំដោះក្មេងស្រីទាំង នោះរួចមក​មន្ត្រីជំនាញ បានសាកសួរ និងកសាងសំណុំរឿង ដើម្បីអនុវត្តន៍ តាមនីតិវិធី។
ចំណែក នារីរងគ្រោះទាំង ៨ នាក់ បានប្រគល់ជូនមន្ទីរសង្គមកិច្ច គ្រប់គ្រងបន្ត ៕ V / N