ដោយៈ ទេព មង្គល / ភ្នំពេញៈ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្ដីណែនាំមួយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ស្ដីពីការធ្វើអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ប្រតិបត្តិករល្បែងផ្សងសំណាង ដែលនៅក្នុងនោះ គ.ល.ក. បានព្រមានថា ក្នុងករណីប្រតិបត្តិករ ល្បែងផ្សងសំណាង មិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹង ការដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬ ពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។

នៅក្នុងសេចក្ដីណែនាំនោះ អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. បានលើកឡើងថាៈ ក្នុងគោលបំណងបង្ក្រាប នូវរាល់សកម្មភាព និងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ និងដើម្បីលើកកម្ពស់ វិស័យល្បែងពាណិជ្ជកម្ម ស្របច្បាប់ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារ បង្ក្រាបការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ តាមរយៈសេចក្ដីសម្រេចលេខ ៦២ សសរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដែលដឹកនាំ ដោយរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានសមាសភាពចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងនោះ ក៏មានសមាសភាពពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ផងដែរ។ នៅក្នុងប្រតិបត្តិការនេះ អាជ្ញាធរមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានអនុវត្តវិធានការ យ៉ាងតឹងរ៉ឹង បង្ក្រាបនូវរាល់ការលេងល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទ និងទីតាំងលេងល្បែងស៊ីសង ខុសច្បាប់នានា ជាបន្តបន្ទាប់។

ដើម្បីធានានូវប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង ដើម្បីការពារនូវសិទ្ធិស្របច្បាប់ របស់ប្រតិបត្តិករល្បែងផ្សងសំណាង អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមបញ្ជាក់ជូន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាប្រតិបត្តិករល្បែងផ្សង សំណាងទាំងអស់ ឱ្យបានជ្រាបថា ប្រតិបត្តិករល្បែងផ្សងសំណាង ដែលទទួលបាន អាជ្ញាបណ្ណល្បែងផ្សងសំណាង ឬលិខិតបញ្ជាក់នីតិភាពពី គ.ល.ក. អាចធ្វើប្រតិបត្តិការ អាជីវកម្ម ដោយស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដូចខាងក្រោម៖

១. ត្រូវធ្វើប្រតិបត្តិការអាជីវកម្ម នៅទីតាំងដែលមានបញ្ជាក់ នៅលើអាជ្ញាបណ្ណ អាជ្ញាបណ្ណសាខា ល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាត ជាប៉ុស្តិ៍សេវាពី គ.ល.ក.។

២. ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ សាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាត ជាប៉ុស្តិ៍សេវា ពី គ.ល.ក. ប្រសិនបើមានបំណងធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងផ្សេងទៀត ក្រៅពីទីតាំង ដែលបានបញ្ជាក់នៅលើអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬលិខិតបញ្ជាក់ នីតិភាព។

៣. ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែងផ្សងសំណាង អាជ្ញាបណ្ណសាខាល្បែងផ្សង​សំណាង និង/ឬលិខិតអនុញ្ញាតជាប៉ុស្តិ៍សេវាពី គ.ល.ក. ឬលិខិតបញ្ជាក់នីតិភាពច្បាប់ដើម នៅទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។

៤. ត្រូវដំណើរការតែប្រភេទល្បែង វិធានល្បែងឧបករណ៍ និង/ឬកម្មវិធីល្បែង ដែលមាន ការអនុញ្ញាត ពី គ.ល.ក. តែប៉ុណ្ណោះ។

៥. ត្រូវបំពេញចំណូលកាតព្វកិច្ច ពីល្បែងផ្សងសំណាងប្រចាំខែ និងត្រូវបង់មូលនិធិសង្គម របស់ គ.ល.ក. ឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា ទៅតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជា ធរមាន។

៦. ហាមឃាត់ដាច់ខាត នូវរាល់សកម្មភាពលួចលាក់​បង្កប់កត់កន្ទុយលេខ ខុសច្បាប់។

ក្នុងករណីប្រតិបត្តិករ ល្បែងផ្សងសំណាង មិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹង ការដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬ ពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។

អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សង្ឃឹមយ៉ាងមុតមាំថា ប្រតិបត្តិករល្បែងផ្សងសំណាង ទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារ នៃសេចក្ដីណែនាំនេះ ប្រកបដោយ ប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕/V