ដោយៈភ្នំសន្ទុក/ កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ជា ពិសេសប្រជានេសាទរស់នៅលើដែនទឹកបឹងទន្លេសាបដែលពឹងផ្អែកលើការនេសាទត្រីជាមុខរបរសំខាន់ទីមួយ។លោកបានអំពាវនាវសូមចូលរួមគោរពច្បាប់កុំប្រើឧបករណ៍ខុសច្បាប់ដើម្បីថែរក្សាពូជត្រីនិងលទ្ធផលត្រីឱ្យមានការកើនឡើង ដើម្បីដោះស្រាយជីវភាពប្រជាពលរដ្ឋឱ្យមាននិរន្តរភាព។

លោកអភិបាលខេត្តកំពង់ធំបានបញ្ជាក់ថា ប្រជានេសាទគ្រប់រូបត្រូវគោរពច្បាប់ដែលបានហាមឃាត់ ដូចជា ប្រើប្រាស់ឧបករណ៍ឲ្យត្រូវតាមច្បាប់កំណត់ អនុវត្តតាមច្បាប់កំណត់ទីតាំងដែលហាមឃាត់ផ្អាកការនេសាទក្នុង រដូវបិទ ។ល។និងសូមមានការយោគយល់ព្រោះការហាមឃាត់នេសាទអ្វីគ្រប់យ៉ាងក្នុងគោលបំណងតែមួយគត់ គឺចង់រក្សាទុកពូជត្រីសម្រាប់ផលប្រយោជន៍រួម។

លោក ងួន រតនៈ ថ្លែងដូចនេះក្នុងឱកាសបន្តនាំយកអំណោយជាស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ផ្តល់ជូនប្រជានេសាទចំនួន ៨៧១គ្រួសារ ដែលមានជីវភាពខ្វះខាត នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

លោក ងួន រតនៈ បានបញ្ជាក់ថា ថ្វីត្បិតសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពុំបានមកផ្ទាល់ ប៉ុន្តែទឹកចិត្តដ៏ថ្លៃថ្លាប្រកបដោយគុណធម៌ តែងតែគិតគូរយកចិត្ត ទុកដាក់ពីសុខទុក ជីវភាព ប្រជាពលរដ្ឋ និងប្រជានេសាទគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។

គួរបញ្ជាក់ថា ស្បៀងអាហារប្រជានេសាទចំនួន ៨៧១គ្រួសារ ក្នុង១គ្រួសារទទួលបាន ៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងទឹកបរិសុទ្ធផងដែរ៕  N