ដោយ:ដេប៉ូ/ភ្នំពេញ៖  លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូកម្មវិធីភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតងនៃអង្គការសហប្រជាជាតិ (United Nations Partnership for Actions on Green Economy-UN PAGE)។

ក្នុងជំនួបពិភាក្សាដែលបានរៀបចំឡើងនាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២មានតំណាងមកពីស្ថាប័នសហប្រជាជាតិចំនួនប្រាំរួមមាន UNITAR UNIDO UNEP UNDP និងILO និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងការងារ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការលើបរិវត្តសេដ្ឋកិច្ចបៃតង និងតម្រូវការនៃការសិក្សាស៊ីជម្រៅផ្នែកគោលនយោបាយ និងការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងសេដ្ឋកិច្ចបៃតង សម្រាប់កំណត់យុទ្ធសាស្រ្តជាក់លាក់ក្នុងការចាប់ផ្ដើមការសិក្សាវិសាលភាពសេដ្ឋកិច្ចបៃតងនៅកម្ពុជា ការរៀបចំឯកសារគម្រោង និងការសម្របសម្រួលការអនុវត្តសេដ្ឋកិច្ចបៃតងនៅកម្ពុជាក្នុង រយៈពេល៥ឆ្នាំខាងមុខ។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ពីកត្តាស្ថិរភាពនយោបាយ និងសុខសន្តិភាពនៅទូទាំងប្រទេស ដែលអនុញ្ញាតឱ្យកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងចូលរួមការប្តេជ្ញាចិត្តជាសកលសំដៅសម្រេចបានគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នា លោករដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារ ក្នុងការសិក្សាស៊ីជម្រៅលើការជំរុញការកសាងទីផ្សារផលិតផលជាក់លាក់ ដែលមានលក្ខណៈពិសេសនិងដាច់ដោយឡែករបស់កម្ពុជា និងអាចមានភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារអន្តរជាតិ សំដៅរួមចំណែកដោយផ្ទាល់ក្នុងការបង្កើតការងារ និងលើកកម្ពស់កម្រិតជីវភាពសេដ្ឋកិច្ចប្រជាជន។

ទន្ទឹមនេះលោក ក៏បានកត់សម្គាល់ពីតម្រូវការនៃការធានាបាននូវសន្តិសុខ និង សុវត្ថិភាពស្បៀងអាហារ និងអាហារមានជីវជាតិបំប៉នសុខភាពគ្រប់គ្រាន់សម្រាប់ប្រជាជន។ លើសពីនេះទៀត លោករដ្ឋមន្ត្រីបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចគាំពារបរិស្ថានក្នុងវិស័យឧស្សាហកម្ម និងផលិតកម្ម ដើម្បីរក្សាបាននូវតុល្យភាពការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពធនធាន ការប្រើប្រាស់ថាមពលស្អាតក្នុងខ្សែច្រវាក់ផលិតកម្ម ការបង្កើនសមត្ថភាពនិងជំនាញវិជ្ជាជីវៈពាក់ព័ន្ធឱ្យទាន់តម្រូវការទីផ្សារការងារស្របតាមបរិបថសេដ្ឋកិច្ចបៃតង។ ការងារទាំងអស់នេះក៏មិនអាចកាត់ផ្តាច់ពីតម្រូវការធនធានហិរញ្ញវត្ថុ ដែលមានអាចផ្តល់លទ្ធភាពខ្ពស់ដល់រាល់គម្រោងវិនិយោគដែលមានមេត្រីបរិស្ថាន និងអាចផ្តល់នូវកម្រិតអត្រាការប្រាក់ទាបសម្រាប់អាជីវកម្ម ដែលជាសក្តានុពលរួមចំណែកដល់ការលើកស្ទួយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង កាន់តែមានប្រសិទ្ធភាព និងអាចអនុវត្តបានសម្រាប់បរិបទកម្ពុជា៕សរន