ដោយ:ដេប៉ូ/ភ្នំពេញ៖ក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិការ នៃក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារសហប្រតិបត្តិការ ផែនការ និងថវិកា ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្រោមប្រធានបទ «ការលើកកម្ពស់លទ្ធផលការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន»។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យនូវល្ធផលសម្រេចបាននៃកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការរួមចំណែកឆ្លើយតបទៅនឹងគោលដៅ គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។

ថ្លែងទៅក្នុងពិធីនេះលោក សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលបាននិងកំពុងសហការ និងគាំទ្រដល់ក្រសួងបរិស្ថាន ក្នុងការបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឲ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានសំណូមពរឱ្យដៃគូរទាំងអស់បន្តនូវការគាំទ្រ និងចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងបេសកកម្មដើម្បីសំដៅធានាបានជោគជ័យក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាចូលរួមដោះស្រាយនូវបញ្ហាប្រឈមជាសកលនានា ដើម្បីបុព្វហេតុពិភពលោក និងមនុស្សជាតិ។

លោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា៖ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងកម្រិតអាត្រាប្រចាំឆ្នាំក្នុងរង្វង់៧% បានប្រែក្លាយខ្លួនជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥ និងកំពុងឈានឡើងក្នុងជំហានរឹងមាំ ឆ្ពោះទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកស្រី Alisa Jacker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) នៅកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន សម្រាប់កិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមកក្នុងវិស័យបរិស្ថាននៅកម្ពុជា។

លោកស្រីបានគូសបញ្ជាក់ន្ថែមថា យើងត្រូវការកិច្ចសហការកាន់តែស្អិតរមួតបន្ថែមទៀតជាមួយក្រសួងបរិស្ថាន។ កិច្ចការងារបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ គឺជាវិស័យដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព។ ការវិនិយោគដែលគិតគូរអំពីបរិស្ថាន ដូចជាវិស័យថាមពលនឹងចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ច និងសង្គមប្រកបដោយបរិយាប័ន្ន។ លោកស្រីក៏បានគូសបញ្ជាក់អំពីភាពមិនអាចខ្វះបានពីវិស័យឯកជនដែលបានចូលរួមទាំងបច្ចេកទេសនិងហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់បរិស្ថាន៕សរន