ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC) នឹង​រៀបចំ​មហាសន្និបាត​បញ្ច​ប់​អាណត្តិ​ទី​២ និង​បន្ត​អាណត្តិ​ថ្មី ២០២២-២០២៦ នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែតុលា ឆ្នាំ​២០២២ ដើម្បី​កំណត់​គោលដៅ​ក្នុងការ​ត្រៀមខ្លួន​ឱ្យ​កាន់តែ​មុតមាំ​នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​អេ​​ឡិច​ត្រូ​និក​កម្ពុជា មានប្រសាសន៍ថា​អាណត្តិ​ថ្មី​នេះ គឺជា​អណ​ត្តិ​ដ៏​មាន​សារៈសំខាន់​និង​ជា​អាណត្តិ​យុទ្ធសាស្ត្រ​សម្រាប់​ប្រភេទ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ក្នុង​ការត្រៀម​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ក្រោយ​រង់ចាំ​អស់ រយៈពេល ៦៤​ឆ្នាំ​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២២ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បានកំណត់​បង្ហាញ​ពី​វិញ្ញាសា​សរុប​ចំនួន​៩ សម្រាប់​ការទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​ប្រភេទ​កីឡា​អេឡិចត្រូនិក​កម្ពុជា ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) បានដាក់​ប​ញ្ជូ​ល​រួចហើយ នៅក្នុង​ចំណោម​៣៨​ប្រភេទ​កីឡា​នៃ​គោលដៅ​ស៊ី​ហ្គេម ២០២៣​។​

​វិញ្ញាសា​ចំនួន​៩​នេះ រួមមាន​៖ AK2 (PC) ក្រុម​-​ឯកត្តជន​, PUBG Mobile ក្រុម​-​ឯកត្តជន​, Mobile Legends: Bang Bang ក្រុម​បុរស​-​ក្រុម​នារី​, League of Legends: Wild Rift (Mobile) ក្រុម​បុរស​ក្រុម​នារី​និង​វិញ្ញាសា​ក្រុម Cross Fire (PC)​។​បើ​យោងតាម​ស​ន្ទ​ស្សន៍​មេ​​ដាយ​មាស​របស់ CAMSOC ក្នុងចំណោម​បញ្ជី​ផ្លូវការ​៣៨​ប្រភេទ​កីឡា បានកំណត់​ជា​ទិសដៅ​ឱ្យ​ប្រភេទ​កីឡា​អេ​ឡិច​ត្រូ​និ​ច​កម្ពុជា​ដណ្តើម​មេដាយមាស​ឱ្យបាន​១​គ្រឿង ក្នុងចំណោម​មេដាយមាស​សរុប ៨៤​គ្រឿង​នៃ​ស៊ី​ហ្គេម ២០២៣៕​