ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ​សហព័ន្ធ​កីឡាតេ​ក្វាន់​ដូ WT (World Taekwondo) កម្ពុជា​បានដាក់​គោលដៅ​ដណ្តើម​មេដាយមាស​ឱ្យបាន​យ៉ាងតិច​បី​គ្រឿងក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ចំនួន​មេដាយមាស​បី​គ្រឿង​នេះ គឺ​ស្របតាម​ស​ន្ទ​ស្សន៍​មេដាយមាស​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​។​

​តេ​ក្វាន់​ដូ WT ជា​ប្រភេទ​កីឡា​មួយ​ដ៏​មាន​សក្តា​នុ​ល​របស់​កម្ពុជា​ដែល​ធ្លាប់​ដណ្តើម​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធិ​ជា​បន្តបន្ទាប់ ពី​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ស៊ី​ហ្គេម​រៀងរាល់​២​ឆ្នាំ​ម្តង​តេ​ក្វាន់​ដូ WT ក៏​កំពុង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​​សម្រេច​ឱ្យបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​លើកដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ​រង់ចាំ​អស់ រយៈពេល ៦៤​ឆ្នាំ​។​

​កីឡា​តេ​ក្វាន់​ដូ WT កម្ពុជា​កាន់តែ​បន្ត​ការ​ប្រឹង​ប្រឹង​យ៉ាង​ខ្លាំងក្លា​ដើម្បី​អភិវឌ្ឍន៍​សមត្ថ​​ភាព គុណភាព​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ដើម្បី​​ពង្រឹង​គោលដៅ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​នេះ​។​

ក្រោម​ការជំរុញ​លើកទឹកចិត្ត​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT កម្ពុជា បាន​ប្រឹងប្រែង​ក្នុងការ​ជម្រុញ​ឱ្យ​ប្រភេទ​កីឡា​អូឡាំពិក​ដ៏​មាន​សក្តានុពល​មួយ​នេះ អាច ដណ្ដើមបាន​មេដាយមាស​ជូន​ជាតិ​ជា​ប្រវត្តិសាស្ត្រ​។​

​លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ​បាន​លើក​បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព​ហ្វឹកហាត់​របស់​ក្រុម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួន​ដើម្បី​ត្រៀម​ឆ្ពោះទៅ​ស៊ី​​ហ្គេម​ឆ្នាំ​២០២៣​។ បច្ចុប្បន្ន​សហព័ន្ធ​កំពុង​ត្រៀម​បញ្ជូន​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី​ជម្រើសជាតិ​តេ​ក្វាន់​ដូ WT ទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​កូរ៉េ រយៈពេល​ខ្លី និង​រយៈពេល​វែង​។​

​ជាមួយគ្នានេះ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT កម្ពុជា ក៏​កំពុង​ស្វះ​ស្វែងរក​ធនធាន​កីឡាករ កីឡាការិនី មាន​ឈាមជ័រ​ជា​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ដែល​កំពុង​ហ្វឹកហាត់​និង​ចេញ​ប្រកួត​មាន​ស្នាដៃ​នៅក្រៅ​ប្រទេស ឱ្យ​មកជួយ​ប្រកួត​នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣​ផងដែរ ។ពេលនេះ​សហព័ន្ធ​រកបាន​ធនធាន​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ WT ពីរ​នាក់​ហើយដោយ​ម្នាក់​នៅ​សហរដ្ឋអាមេរិក​និង​ម្នាក់ទៀត​នៅ​ប្រទេស​បារាំង​។ បន្ថែម​ពីលើ​នេះ​ប្រភេទ​កីឡា​អូឡាំពិក​ដ៏​​ពេញនិយម​នេះ ក៏​ត្រៀម​នឹង​បញ្ជូន​គ្រូបង្វឹក​និង​កីឡាករ​កីឡាការិនី ទៅ​ចូលរួម​ការប្រកួត​ឱ្យបាន​ញឹកញាប់ ដើម្បី​ផ្តល់ឱកាស​ជូន​ដល់​ពួកគាត់ ទទួលបាន​បទពិសោធ​ន៍​ថ្មីៗ ឱ្យ​កាន់តែ​រឹងមាំ ក្នុង​គុណភាព​បច្ចេកទេស​ទៀតផង​។​

​បច្ចុប្បន្ន ក្រុម​ជម្រើសជាតិ​តេ​ក្វាន់​ដូ WT កំពុង​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ មាន​ចំនួន ៣២​នាក់ ក្នុងនោះ​មាន​កីឡាការិនី​១៥​នាក់ ដោយ​សម្រួច​ការហ្វឹកហាត់ ក្នុង​មួយ​សប្តាហ៍​ចំនួន​ប្រាំ​មួយថ្ងៃ ហើយ​ក្នុង​មួយថ្ងៃៗ មាន​ច​ម្លោះ​ពី​ប្រាំ ទៅ​ប្រាំមួយ​ម៉ោង​៕​