ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ល្ងាច​ថ្ងៃទី​២០ ខែតុលា​ម្សិលមិញ​នេះ​ក្នុង​ព្រឹត្តិការណ៍ Davis Cup ក្រុម​៤ ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នី ឆ្នាំ​២០២២ ក្នុងការ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​ក្រុម​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ទួ​កមេ​នី​ស្ថាន ២​ទល់​១​។​ក្នុងការ​ប្រកួត​បញ្ចប់​ពូ​ល​នេះ​ទោះបី​មាន​ស្ថានភាព​តានតឹង​ក៏​ពិតមែនតែ​ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជា​មិនបាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ​ដោយបាន​ព្យាយាម​វាយបក​រហូត​​ដណ្ដើមបាន​ជ័យជម្នះ ។

​ជំនួប​ដ៏​ស្វិតស្វាញ​នេះ សម្រាប់​វិញ្ញាសា​ឯកត្តជន​ដំបូង កីឡាករ ឡុង សំនៀង ត្រូវបាន​កីឡាករ​ទួ​កមេ​នី​ស្ថាន Rogusskiy. Y. វាយបក​យកឈ្នះ​ក្នុង​លទ្ធផល ២​ទល់​១​សិត ក្នុងនោះ​សិត​ទី​១​សំនៀង​ឈ្នះ​ពិន្ទុ​៦​ទល់​៣ ខណៈ​សិត​ទី​២ និង​ទី​៣​កីឡាករ​ទួ​កមេ​នី​ស្ថាន​ឈ្នះ​វិញ ដោយ​ពិន្ទុ ៧​ទល់​៥ និង ៦​ទល់​៣ ។ ប៉ុន្ដែ​សម្រាប់​វិញ្ញាសា​ឯក​ត្ដ​ជន​ទី​២ កីឡាករ​កម្ពុជា ប៊ុន កេ​ន្នី ធ្វើបាន​យ៉ាង​ល្អ ដោយបាន​យកឈ្នះ​ដាច់ ២​ទល់​០​សិត លើ​កីឡាករ Orazmuhamedow Meylis ជាមួយ​ពិន្ទុ ៦​ទល់​១ និង ៦​ទល់​០ ។ ចំពោះ​សិត​កាត់សេចក្ដី​លើ​វិ​ញ្ញា​វាយ​គូ​ដែល​កីឡាករ ប៊ុន កេ​ន្នី ចាប់​ដៃគូ​ជាមួយ​កីឡា​ករ​ខ្មែរ​អាមេរិក Mathew-Krusling ធ្វើបាន​កាន់តែ​ល្អ​ដោយបាន​បន្ដ​យកឈ្នះ ២​ទល់​០​សិត ដាច់​​លើ​ក្រុម​ទួ​កមេ​នី​ស្ថាន ដែលមាន​កីឡាករ Orazmuhamedow Meylis និង Rogusskiy, Y. ដោយ​ពិន្ទុ ៦​ទល់​១ និង ៦​ទល់​១ ដូចគ្នា ។ ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា ឈរ​កំពូល​តារាង​ពូ​ល A បន្ទាប់ពី​ឈ្នះ ៣​ប្រកួត​ផ្ទួនៗ ពោលគឺ​ប្រកួត​បើកឆាក​ឈ្នះ​ប៊ូ​តាន ៣​ទល់​០ និង​ប្រកួត​ទី​២ ឈ្នះ​ម៉ុង​ហ្គោ​លី ៣​ទល់​០ និង​ចុងក្រោយ​ឈ្នះ​ក្រុម​ខ្លាំង​ទួ​កមេ​នី​ស្ថាន ២​ទល់​១ ។​ជាមួយ​ការ​ឈរ​កំពូល​តារាង​នេះ​កម្ពុជា​នឹងត្រូវ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​ត្រូវ​ជួប​ក្រុម​ឈរ​លេខ​១ នៃ​ពូ​ល B គឺ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ។​វគ្គ​ផ្ដាច់ព្រ័ត្រ​គ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​២២ ខែតុលា​ចុង​សប្ដាហ៍​នេះ ខណៈ​ក្រុម​ឈ្នះ នឹង​ឡើងទៅ​ក្រុម​៣ នៃ​ព្រឹត្តិការណ៍ Davis Cup 2023 ដែលមាន​សុទ្ធតែ​ក្រុម​ខ្លាំងៗ​ជាង​ការប្រកួត​នៅ​ក្រុម​៤​។​

​ព្រឹត្តិការណ៍ Davis Cup ក្រុម​៤​ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នី​ដែល​កម្ពុជា​ចូលរួម​ពេលនេះ គឺមាន​បេក្ខភាព​ចូលរួម​សរុប ៩​ប្រទេស និង​ចែកចេញជា ២​ពូ​ល ដោយ​ពូ​ល A មាន ៤​ក្រុម​គឺ​កម្ពុជា ទួ​កមេ​នី​ស្ថាន ម៉ុង​ហ្គោ​លី និង​ប៊ូ​តាន ខណៈ​ពូ​ល B មាន ៥​ក្រុម គឺ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន កោះ​ហ្គាំ ឡាវ គុយ​វ៉ែត និង​សិង្ហ​បុរី ៕​