ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ គ្រូបង្វឹក​កង់​ភ្នំ​កម្ពុជា លោក អ៊ុច សុខ​វិបុល បាន​បញ្ជាក់ថា កម្ពុជា​ស្វាគមន៍​សម្រាប់​អត្ត​ព​លិ​ក​ខ្លាំងៗ​មកពី​តំបន់​អាស៊ាន​ដែលមាន​បំណង​ចង់​មក​សាក​​ល្បង​ប្រណាំង​លើ​ទីលាន​នៅ​ភ្នំ​គូ​ន​លែ​ន​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​មុន​ការមកដល់​ព្រឹត្តិ​ការណ៍ កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​លោក​បន្ដថា​ការចូលរួម​របស់​កីឡាករ​កីឡាការិនី​ថៃ គឺជា​សារសំខាន់​មួយ​ដ៏​ល្អ​សម្រាប់​​អត្ត​ព​លិ​កក​ង់​ភ្នំ​កម្ពុជា​បាន​តេស្ត​សមត្ថភាព​សាក​ថ្វី​ជើង​គ្នា និង​តេស្ត​ផ្លូវ​ប្រណាំង​សម្រាប់​កីឡា​​ករ កីឡាការិនី​យើង គឺ​ធ្វើ​បានល្អ​ច្រើន ជាមួយ​អត្ត​ពលិកម​ក​ពី​ប្រទេស​ថៃ​។​​ទម្រង់​លេង​របស់​អត្ត​ព​លិ​កក​ង់​ភ្នំ​កម្ពុជា​យើង​គឺមាន​ភាពល្អប្រសើរ​ច្រើន​ដោយ​ពួកគាត់​អាច​ដឹង​កម្រិត​នៃ​ការលេង​ជាមួយគ្នា​។

​ក្នុងការ​ប្រកួត​កន្លង​មក​កីឡាករ​កម្ពុជា​បាន​ប្រដេញ​ប្រឡែង​លេង​ជាមួយ​កីឡាករ​ថៃ ដើម្បី​ស្ទាបស្ទង់​ពី​បច្ចេកទេស​គេ រួច​ក៏​រត់​ផ្តាច់​យកតែ​ម្តង​។​

​កីឡាករ​វ័យក្មេង ឃីម ម៉េង​ឡុង និង​កីឡាករ​ចាន់ ឆាយ​ហ្វុ​ង ធ្វើបាន​ល្អ​ដោយ​យកឈ្នះ​​យុវជន​ថៃ​ដាច់​ឆ្ងាយ​។ រីឯ​កីឡាការិនី​កម្ពុជា ខែម ម៉ា​ល័យ ក៏​ធ្វើ​បានល្អ ដែល​នេះ​ជា​ក្តីសង្ឃឹម​ខ្ពស់​សម្រាប់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​កម្ពុជា​ខាងមុខនេះ​។​
​ដោយមាន​ទំនុកចិត្ត​ខ្ពស់​កម្ពុជា​ស្វាគមន៍​អត្ត​ព​លិ​កប​ណ្តា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន​ដែលមាន​បំណង​ចង់​ចូលរួម​ហើយ​វា​កាន់តែ​ល្អ​បើសិន​កីឡាករ​កីឡាការិនី​ជើង​ខ្លាំង​របស់គេ​មកទៀត​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​នោះ​គឺ​ល្អ​មែនទែន​មានន័យថា​កម្ពុជា​ទទួល​បាន​ផលចំណេញ​ច្រើន​ដោយ​កីឡាករ​កីឡាការិនី​កម្ពុជា​កាន់តែ​ស្គាល់​កីឡាករ​គេ​កីឡាករ​គេ​ក៏​មក​ស្គាល់​ថ្វី​ជើង​កីឡាករ​របស់​កម្ពុជា​យើង​ដែរ​។​

​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន បាន​វាយតម្លៃថា ការរៀបចំ​ទីលាន​បានល្អ​ជាមួយនឹង​វត្តមាន​កីឡាករ​បរទេស​គឺ​កាន់តែ​ល្អ​។ សិទ្ធ​ផល​អ​ត្ព​លិ​ក​កម្ពុជា​និង​ថៃ​ក្នុងការ​ប្រកួត​កន្លងមក​មាន​ភាព​ប្រដំប្រសង​គ្នា​ខុសពី​ការប្រកួត​មុនៗ​ជាពិសេស​កីឡាករ​វ័យក្មេង​២​រូប គឺ ឃីម ម៉េង​ឡុង និង ចាន់ ឆាយ​ហ្វុ​ង ធ្វើ​បានល្អ​ខ្លាំង ខណៈ​កីឡាការិនី ខែម ម៉ា​ល័យ ក៏​ដូចគ្នា​។ ចំពោះ​ទីលាន​សម្រាប់​ស៊ី​ហ្គេម​ខាងមុខនេះ សហព័ន្ធ​នឹងធ្វើ​ការកែលម្អ ដោយ​បន្ថែម​ចម្ងាយ​ផ្លូវ​អោយ​វែង ឧបសគ្គ​អោយ​ច្រើន និង​ខ្លាំង​ជាមុន ទៅតាម​បច្ចេកទេស ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។​

​លោក នូ ចំរើន​អគ្គលេខាធិការ​បន្ថែមថា សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា មានការ​ប្រកួត​កម្រិត​ជាតិ​២ នៅ​ចំពោះមុខ គឺ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក ទី​៣ នា​ខែវិច្ឆិកា និង​ការប្រកួត​ថ្នាក់ជាតិ នា​ខែធ្នូ និង​ការប្រកួត​កម្រិត​អន្តរជាតិ នា​ដើមឆ្នាំ​២០២៣ គឺ Pre-Sea Games​ដោយ​សហព័ន្ធ​គ្រោង​អញ្ជើញ​បណ្តា​ប្រទេស​ក្នុង​តំបន់​មក​ចូលរួម​ដើម្បី​ផ្លាស់ប្តូរ​បច្ចេកទេស និង​ដកស្រង់​បទពិសោធន៍ ត្រៀម​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ប្រកបដោយ​ជោគជ័យ​៕​