សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ភូមិ​ព្រះ​ដាក់ មិនបាន​រើរុះ​នោះទេ គឺ​នៅ​រក្សា​ដដែល​

​ដោយៈ តារា​រិ​ទ្ធ / សៀមរាបៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថាៈ ភូមិ​ព្រះ​ដាក់ នឹងមិន​មានការ​រុះរើ ចេញ​នោះទេ ដោយសារ​ជា​ភូមិ​ចាស់ ប៉ុន្តែ​ត្រូវគោរព​លក្ខខណ្ឌ មិនត្រូវ​សាងសង់​លំនៅឋាន​ថ្មី និង​បូមទឹក​បញ្ចូល​ទៅ​បាត​បារាយណ៍ ដោយ​ដោះដូរ​ដី ធ្វើស្រែ​របស់​ប្រជាជន ចេញពី​តំបន់​នោះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថាៈ ចំណុច​ដែល​ត្រូវគោរព​លក្ខខណ្ឌ នៅទីនេះ គឺ​ការហាម​មិន​ឲ្យ​មាន ការសាងសង់​លំនៅឋាន​បន្ថែម ។ ទី​ពីរ ចំណុច​ទាក់ទិន ជាមួយនឹង​បញ្ហា​បារាយណ៍​គណៈកម្មការ​តម្រង់ទិស មាន​អាជ្ញាធរ​អប្សរា និង​ក្រសួង​វប្បធម៌ ត្រូវ​សម្រួល​ជាមួយ​ប្រជាជន យ៉ាងម៉េច ដើម្បី​យើង​ទម្លាក់​ទឹក​មក ព្រោះ​តំបន់​នោះ មិនមាន​ប្រជាពលរដ្ឋ​ទេ ជា​ផ្ទៃដី​បង្កបង្កើនផល ដូច្នេះ​យើង​អាច​ប្ដូរ​កន្លែង បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ ឲ្យ​ទៅ​កន្លែង​ផ្សេង ហើយ​ទើប​បញ្ចូល​ទឹក​ចូល ទៅ​តំបន់​នោះ ដែលមាន​ទំហំ ៩ លាន​ម៉ែត្រគូប​។ ក្នុងនោះ ក៏មាន​ការទម្លាក់ បញ្ចូល​ទៅ ក្នុង​បារាយណ៍​លលៃ ចំនួន ៣ លាន​ម៉ែត្រគូប ។​

​ជាមួយនេះ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់ដែរថាៈ សាលាស្រុក​បន្ទាយស្រី ដែល​ស្ថិតនៅ តំបន់​១ ក៏ត្រូវ​រើ​ពី​នៅ​តំបន់​រុន​តា​ឯក​នេះដែរ ហើយ​សាលាស្រុក​អង្គរធំ ដែល​ស្ថិតនៅ តំបន់​មួយ ក៏ត្រូវ​ផ្លាស់ប្ដូរ ទៅកាន់​តំបន់​ពាក់​ស្នែង​ផងដែរ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២ ក្នុង​ពិធី​ជួប​សំណេះសំណាល ជា​លើក​ទី​៣ ជាមួយ​ប្រជាពលរដ្ឋ ប្រមាណ ១.៨៩៥ គ្រួសារ​ទៀត ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ ចេញពី​តំបន់​រមណីយ ដ្ឋា​ន​អង្គរ និង​តំបន់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​តាំង​ទីលំនៅ នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​៕/V​