​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​និង​មន្ត្រី​ទី​បញ្ចុះសព​ម្នាក់​បាន​និយាយ​ថា​កងកម្លាំង​សន្តិសុខ​របស់​ប្រទេស​ឆាដ​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋា​ភិ​​បាល​នៅក្នុង​ទីក្រុង​ធំៗ​ចំនួន​ពីរ​របស់​ប្រទេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​តុលា ដោយ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៦០ នាក់​។​

​អាជ្ញាធរ​បាន​ដាក់​បម្រាម​គោចរ​បន្ទាប់​ពី​អំពើ​ហិង្សា​ដែល​បាន​កើតឡើង​ចំ​ពេល​មាន​បាតុកម្ម​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​កណ្តា​ល​មួយ​នេះ​ប្រឆាំងនឹង​ការបន្ត​កាន់អំណាច​ពីរ​ឆ្នាំ​ទៀត​របស់​មេដឹកនាំ​ប​ណ្តោះ​​អាសន្ន លោក ម៉ា​ហា​ម៉ា​ត អ៊ី​ឌ្រី​ស ដេ​ប៊ី (Mahamat Idriss Deby)​។​

​កោលាហល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺ​មិន​ធ្លាប់​មាន​ពីមុន​មក​ទេ​នៅក្នុង​ប្រទេស​ឆាដ ដែល​ឃើញ​ការ​មិន​ពេញចិត្ត​ជា​សាធារណៈ​តិចតួច​បំផុត​ក្នុង​របប​មុន​របស់​ឪពុក​របស់​លោក​ដេ​ប៊ី​ដែល​បាន​គ្រប់គ្រង​​អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​រហូតដល់​ការធ្វើឃាដ​គាត់​កាលពី​ឆ្នាំមុន​។​

​ប្រទេស​បារាំង សហភាព​អាហ្វ្រិក និង​ប្រទេស​ដទៃ​ទៀត​បាន​ថ្កោលទោស​ភ្លាមៗ​ចំពោះ​ការបង្ក្រាប​ផ្នែក​សន្តិសុខ​លើ​បាតុករ​។​

​លោកស្រី សាមី​រ៉ា ដា​អ៊ូ​ត (Samira Daoud) នាយក​ប្រចាំ​តំបន់​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​សម្រាប់​អាហ្វ្រិក​ខាងលិច​និង​កណ្តាល បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ឆាដ​”​បញ្ឈប់​ជា​បន្ទាន់​នូវ​​ការប្រើប្រាស់​កម្លាំង​ហួសហេតុ​ប្រឆាំងនឹង​ក្រុមបាតុករ​”​។​

​លោកស្រី​បន្ត​ថា “​អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ស៊ើបអង្កេត​និង​កាត់ទោស​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​ដោយ​ខុសច្បាប់​នេះ​”​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឆាដ លោក អាស៊ី​ស ម៉ា​ហា​ម៉ា​ត សា​ឡេះ (Aziz Mahamat Saleh)​បាន​និយាយថា មនុស្ស​៣០​នាក់​បាន​ស្លាប់​នៅក្នុង​រដ្ឋធា​នីយ៉ា​មេណា (N’Djamena)​។ ទោះយ៉ាងណា អ្នករៀបចំ​ការហែក្បួន​តវ៉ា​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​ខ្ពស់​ជាង​នេះ គឺ ៤០ នាក់ ជាមួយ​អ្នក​របួស​ដោយសារ​គ្រាប់កាំភ្លើង​ជាច្រើន​នាក់​ផង​ដែរ​។ មិន​មាន​ការបញ្ជាក់​ឯ​ក​រាជ្យ​នៃ​តួលេខ​ដែល​ភាគី​ទាំងពីរ​បាន​ផ្តល់ឱ្យ​នោះទេ​។​

​បាតុករ ៣២ នាក់​ផ្សេង​ទៀត​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ទីក្រុង​ម៉ោន​ឌូ (Moundou) ជា​ទីក្រុង​ធំ​ទី​ពីរ​របស់​ប្រទេស​ឆាដ នេះ​បើ​យោង​តាម​មន្ត្រី​នៅ​កន្លែង​បញ្ចុះសព​របស់​ទីក្រុង​នេះ​។ មន្ត្រី ដែល​សុំ​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​សារភាព​រសើប​នៃ​បញ្ហា​នេះ បាន​និយាយថា មនុស្ស​ជាង ៦០ នាក់​បាន​រងរបួស​។​

​ការតវ៉ា​ផ្សេងទៀត​ត្រូវបាន​ធ្វើឡើង​នៅ​ក្រុង​ដូ​បា (Doba) និង​សា (Sarh) ភាគ​ខាងត្បូង​ប្រទេស​ឆាដ​។​

​ទាំងនេះ​គឺជា​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដ៏​សាហាវ​បំផុត ចាប់តាំងពី​លោក​ដេ​ប៊ី​បាន​ឡើងកាន់​តំណែង បន្ទាប់​ពី​ការធ្វើឃាត​ឪពុក​របស់​គាត់​កាលពី ១៨ ខែ​មុន​។ ក្រុមមន្ត្រី​បាន​និយាយ​ថា​អតីត​ប្រធានា​​ធិបតី អ៊ី​ឌ្រី ដេ​ប៊ី អ៊ី​ត​ណូ (Idriss Deby Itno) ត្រូវបាន​សម្លាប់​ដោយ​ពួក​ឧទ្ទាម ខណៈ​ចុះ​ទៅ​សួរសុខទុក្ខ​កងទ័ព​ឆាដ​នៅលើ​សមរភូមិ​នៅ​ភាគ​ខាងជើង​ប្រទេស​ក្នុង​ខែ​មេសា ឆ្នាំ ២០២១៕

​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​ដុត​រនាំង​នៅពេល​មាន​ការប៉ះទង្គិច​គ្នា​នៅក្នុង​ក្រុង​យ៉ា​មេណា ប្រទេស​ឆាដ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែតុលា ឆ្នាំ​២០២២​