ដោយៈ ប.ជ័យ / បន្ទាយមានជ័យ​ៈ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២០​ ខែតុលា ឆ្នាំ​២០២២ បានដឹកនាំកិច្ចប្រជុំ ទទួលភារកិច្ចស្ដីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និង រក្សាសណ្ដាប់ធ្នាប់ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញមកជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក និង ឃុំ-សង្កាត់ ព្រមទាំងចែកស្រូវ​ពូជ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់​ក្នុងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី​លោកមេបញ្ជាការរង លោកនាយសេនាធិការរង​ លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង៩ នៅសាលប្រជុំតូច​អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។

បន្ទាប់មក នៅថ្ងៃទី២០-២១ ខែតុលា លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន​ក៏បានចេញត្រួត ពិនិត្យកម្លាំងដែលធ្វេីការបែងចែកតួនាទី-ភារកិច្ច ចុះតាមគោលដៅការពារសន្តិសុខ​ សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងឱកាសអញ្ជេីញ មកខេត្តបន្ទាយមានជ័យ ។

លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​ក៏បានដាក់ចេញនូវបទបញ្ជា យ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងកងរាជអាវុធហត្ថ​ទាំងអស់ ត្រូវពង្រឹងតាមគោលដៅរៀងៗខ្លួន យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត សំដៅធ្វេីយ៉ាងណា ការពារសុវត្ថិភាព ជូនប្រមុខរាជរដ្ឋា ភិបាល ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវ​តាមតួនាទី​-ភារកិច្ចរបស់ខ្លួន៕/V-PC