ដោយៈប.ខុន / ភ្នំពេញៈ ស្ថានភាពទឹកបឹង និងទឹកទន្លេឡើងខ្ពស់ និងដោយមានការបង្ក្រាប ជាបន្តបន្ទាប់ ចំពោះបទល្មើសជលផល ដោយរដ្ឋបាលជលផលព្រៃវែង ធ្វើឱ្យត្រី និងបង្កងធម្មជាតិ នៅក្នុងដែននេសាទ ខេត្តព្រៃវែង ឆ្នាំនេះ សម្បូរជាងបណ្តាឆ្នាំមុនៗ។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី២១ ខែតុលាថាៈ បទល្មើសនេសាទ នៅក្នុងខេត្តព្រៃវែង ទោះបីជាកន្លងទៅ ក៏ដូចជាពេលនេះ បានបង្ក្រាបជាបន្តបន្ទាប់ យ៉ាងណា ក៏នៅតែកើតមាន តែមាននៅក្នុង រូបភាព តូចៗ ខ្លីៗ ហើយត្រូវបានបង្ក្រាប ដោយមិនលើកលែង ជាពិសេសនៅក្នុងខែកក្កដា សីហា និង ខែកញ្ញា កន្លងទៅ ដោយក្រុមការងារ បានចុះទប់ស្កាត់យ៉ាងសកម្ម ជាលទ្ធផល ធ្វើឱ្យត្រី និងបង្កងធម្មជាតិ ឆ្នាំនេះ ឃើញមានសម្បូរជាង បណ្តាឆ្នាំមុនៗ។

នាយខណ្ឌរដ្ឋបាលជលផល ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅនេះ សមត្ថកិច្ចផ្នែក និងសង្កាត់រដ្ឋបាលជលផល នៃខណ្ឌរដ្ឋបាល ជលផលព្រៃវែង បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅកន្លែងនេសាទ សហគមន៍រោងដំរី ឃុំរោងដំរី ស្រុកពាមរក៍ និងនៅកន្លែងនេសាទសហគមន៍ ក្នុងឃុំព្រៃព្នៅ ស្រុកពារាំង អនុវត្ដបានចំនួន ២​ ករណី ដោយបានបំផ្លាញចោល នៅនឹងកន្លែងនូវ លូស្បៃមុង ចំនួន ៣៧ មាត់ របាំងព្រួលស្បៃមុង ប្រវែង ២.៥០០ ម៉ែត្រ បង្គោលចម្រឹង ចំនួន ១.០៧០ ដើម ចាក់លែងត្រីចម្រុះ ចូលទៅក្នុងទឹកធម្មជាតិវិញ ទម្ងន់ ៤៥ គីឡូក្រាម និងបានរក្សាទុកស្បៃមុង មានគុណភាពប្រវែង ១៥០ ម៉ែត្រ។

លោក អូន ស៊ីណាត បាននិយាយឱ្យដឹងទៀតថាៈ នៅថ្ងៃទី២០ ខែតុលា ផ្នែកជលផល ស្ទឹងស្លូត ដឹកនាំក្រុមការងារ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចស្ពាន កំពង់ស្នេហ៍ ឃុំធាយ និងចំណុចទួលគោកច្រេះ ភូមិខ្សាច់សរ ឃុំរក្សជ័យ ស្រុកបាភ្នំ បានចំនួន ពីរករណី ដោយបានបំផ្លាញចោលលូស្បៃមុង ចំនួន ១៣ មាត់ របាំងស្បៃមុង ប្រវែង ៩៥០ ម៉ែត្រ បង្គោលចំរឹង ៣៥០ ដើម ដាយស្បៃមុង ចំនួន ១១ មាត់ និងចាក់លែង ត្រីចូលបឹងធម្មជាតិវិញ ចំនួន ១៥ គីឡូក្រាម។

ការបង្ក្រាបបែបខាងលើនេះ លោក អូន ស៊ីណាត បានបញ្ជាក់ថាៈ ក្រុមការងារ បានចុះ អនុវត្តស្ទើររាល់ថ្ងៃ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅតាមសហគមន៍ រួចមក ជាលទ្ធផលធ្វើឱ្យទិន្នផលត្រី ក្នុងបឹងធម្មជាតិ ឃើញមានការកើនឡើងច្រើន នៅពេលនេះ បង្កងធម្មជាតិ នៅឆ្នាំនេះ ក៏សម្បូរជាងឆ្នាំមុន ។ នេះបើតាមអ្នកប្រមូលទិញ បានប្រាប់ឱ្យដឹង។ ឆ្នាំមុន មួយថ្ងៃ ប្រមូលទិញបានប្រហែលតែ ១០ គីឡូក្រាមទេ តែពេលទិញបានដល់ពី ១៥ ទៅ ២០ គីឡូក្រាម។ ត្រី និង បង្កងសម្បូរនេះ ក៏ដោយសារ ទឹកឡើងខ្ពស់ផងដែរ។

លោក អូន ស៊ីណាត បាននិយាយឱ្យដឹងទៀតថាៈ ដាយត្រី និងដាយបង្កង ឆ្នាំនេះ មិនមានអ្នកដេញថ្លៃទេ តែនៅមានដាយត្រីលេញ ចំនួន៣ និងដាយបង្កង ចំនួន៦ ធ្វើអាជីវកម្មបន្តពីឆ្នាំមុន។ ដាយត្រីលេញ ចំនួន៤ និងដាយបង្កង ចំនួន៧ ដែលគ្មានអ្នក ដេញថ្លៃ ត្រូវបានរក្សាទុកឱ្យនៅទំនេរ៕/V-PC