​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​តុលា​ថា អនុ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោកស្រី វិន​ឌី សឺ​មែន (Wendy Sherman)​នឹង​ទៅ​បំពេញ​ទស្សន​​កិច្ច​នៅ​ប្រទេស​ជប៉ុន​នៅ​សប្តាហ៍​ក្រោយ​ក្នុង​ការបង្ហាញ​សាមគ្គីភាព បន្ទាប់​ពី​ការបាញ់​មី​ស៊ី​ល​និង​ការធ្វើ​សមយុទ្ធ​របស់​កូរ៉េខាងជើង​។​

​លោកស្រី​សឺ​មែន​នឹងធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​តូ​ក្យូ​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ពុធ​ដោយ​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​និង​ជួប​ពិភាក្សា​គ្នា​ត្រីភាគី​ផង​ដែរ​ជាមួយ​អនុ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​ដែល​ជា​សម្ពន្ធមិត្ត​របស់​អាម៉េរិក​ទាំងពីរ​។​

​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​ម្នាក់ ដែល​គ្រោង​នឹង​ធ្វើ​ដំណើរ​ជាមួយ​លោកស្រី​សឺ​មែន បាន​និយាយថា “​រួមគ្នា​ជាមួយ​សហគមន៍​អន្តរជាតិ យើង​អំពាវនាវ​ឱ្យ​កូរ៉េ​ខាងជើង​ចៀសវាង​ពី​ការ​បង្កហេតុ​បន្ថែមទៀត​និង​​ចូលរួម​ក្នុង​កិច្ចសន្ទនា​ប្រកបដោយ​និរន្តរភាព​និង​វិជ្ជមាន​”​។​

​ប្រធានាធិបតី ចូ បៃ​ដិន បាន​ផ្តល់ជូន​កិច្ចចរចា​កម្រិត​ការងារ ប៉ុន្តែ​បាន​ឃើញ​ការចាប់អារម្មណ៍​តិចតួច​ពី​កូរ៉េខាងជើង ដែល​មេដឹកនាំ​របស់​ខ្លួន គីម ជុង​អ៊ុន បាន​ជួប​បី​ដង​ជាមួយ​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយ​បាន​កាត់បន្ថយ​ភាព​តានតឹង ប៉ុន្តែ​មិន​មាន​កិច្ចព្រមព្រៀង​យូរអង្វែង​ទេ​។​

​ការបាញ់​សាកល្បង​របស់​កូរ៉េ​ខាងជើង​រួម​បញ្ចូល​ទាំង​ការបាញ់​មី​ស៊ី​ល​រំលង​លើ​ប្រទេស​ជប៉ុន​។ សហរដ្ឋ​អាម៉េរិក​បានធ្វើ​ចំណាត់ការ​រឹតបន្តឹង​ទណ្ឌកម្ម​ជា​ការឆ្លើយតប​ទោះបីជា​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​អង្គការ​​សហប្រជាជាតិ​ត្រូវបាន​រារាំង​ដោយ​ប្រទេស​ចិន ដែល​ជា​សម្ពន្ធមិត្ត​សំខាន់​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក៏ដោយ​។​

​មន្ត្រី​អាម៉េរិក​ដែល​គ្រោង​នឹង​ធ្វើ​ដំណើរ​ជាមួយ​លោកស្រី​សឺ​មែន​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​នៅតែ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងជើង “​ដោយ​គ្មាន​បុរេ​លក្ខខណ្ឌ​ណាមួយ​ឡើយ​”​។​

​មន្ត្រី​រូប​នេះ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា “​គោលដៅ​របស់​យើង​នៅតែ​ជា​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​ពី​ឧបទ្វីប​កូរ៉េ​។​យើង​នៅតែ​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​កិច្ច​​ការទូត​ដ៏​ហ្មត់ចត់​និង​ប្រកបដោយ​និរន្តរភាព ដើម្បី​ធ្វើឱ្យ​មាន​វឌ្ឍនភាព​ជាក់ស្តែង​ឆ្ពោះទៅ​រក​គោលដៅ​នោះ​”​។​

“​វា​ជា​រឿង​គួរឱ្យ​សោកស្តាយ ដែល​កូរ៉េខាងជើង​មិន​បាន​ឆ្លើយតប​ចំពោះ​ការព្យាយាម​ទាក់ទង​របស់​យើង ប៉ុន្តែ​យើង​នឹង​បន្ត​”៕

​អនុ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោកស្រី វិន​ឌី សឺ​មែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នៅ​សប្តាហ៍​ក្រោយ