ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតជាមិត្តភាព រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមយុវជនគុយបា នៅយប់ថ្ងៃទី២០ តុលា ម្សិលមិញនេះ កម្ពុជាបានទទួលជ័យជំនះ ក្នុងលទ្ធផល ៣សិតទល់១សិត។ នេះជាការប្រកួតមិត្តភាពអន្តរជាតិ នៅក្នុងឱកាសអបអរ ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២២។

ការរៀបចំការប្រកួត មិត្តភាពអន្តរជាតិ រវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងគុយបា នាពេលនេះ គឺដើម្បីដកស្រង់បទពិសោធន៍ បង្កើនគុណភាពរបស់កម្ពុជា ត្រៀមឆ្ពោះទៅ ទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។ ជាពិសេសគឺ គោលដៅមេដាយមាសតែម្តង ក្នុងនាមជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ។ នេះបើតាមការគូសបញ្ជាក់ពីលោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា។

លោកបណ្ឌិត បានបន្ថែមថាៈ នាពេលខាងមុខ សហព័ន្ធ នឹងមានគម្រោងបង្កើតឱកាស ដល់ក្រុមជម្រើសជាតិរបស់ខ្លួន បានប្រកួតឱ្យកាន់តែច្រើន ដើម្បីសម្រួចគុណភាពបច្ចេក ទេសរបស់កីឡាករ ឱ្យកាន់តែរីកចម្រើន ដើម្បីឆ្ពោះទៅជោគជ័យ ជាមេដាយ នាស៊ីហ្គេម ២០២៣ ។

ក្នុងខណៈដែលកម្ពុជា សម្លឹងមើលមេដាយមាស នាស៊ីហ្គេមឆ្នាំ២០២៣ នោះ ប្រទេស
ឥណ្ឌូណេស៊ី គេបានបញ្ជូនកីឡាករបាល់ទះរបស់គេ ទៅហាត់នៅអាមេរិក ដើម្បីការពារ ជើងឯក ក្នុងនាមជាម្ចាស់មេដាយមាស ស៊ីហ្គេមឆ្នាំ ២០២២៕/V-PC