​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​លោក បិ​ន វ៉ាល់​ឡេស​(Ben Wallace)​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​ប្រើ​យន្តហោះ​ប្រដេញ​ដោយ​ធ្វេសប្រហែស​ក្រោយ​ពី​យន្តហោះ​មួយ​របស់​រុស្ស៊ី​ហោះកាត់​នៅ​ចម្ងាយ​តែ​៤,៥​ម៉ែត្រ​ពី​យន្តហោះ​មួយ​របស់​អង្គការ​ណា​តូ​។​

​លោក​វ៉ាល់​ឡេស​ក៏​បាន​អោយដឹងទៀតថា យន្តហោះ​ប្រដេញ​មួយ​របស់​រុស្ស៊ី​បាន​បាញ់​កាំជ្រួច​មួយ​ដោយ​ចៃដន្យ​នៅ​ពីលើ​សមុទ្រ​ខ្មៅ ដោយ​យន្តហោះ​ឈ្លបយកការណ៍​របស់​អង់គ្លេស​មួយ​មើលឃើញ​។​

​ថ្លែង​នៅ​សភា លោក​បាន​និយាយថា​រុស្ស៊ី​កំពុង​ប្រើ​យន្តហោះ​ចម្បាំង​ដោយ​«​ធ្វេសប្រហែស​និង​ក្នុងរបៀបមិនចាំបាច់​»​ដោយ​រួមទាំង​ការហោះ​កៀក​យន្តហោះ​របស់​អង្គការ​ណា​តូ​បំផុត​ហើយ​«​ក្នុង​ហេតុការណ៍​មួយ​បើ​​តាម​ខ្ញុំ​ដឹង យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយ​បាន​ហោះ​នៅ​ចម្ងាយ​តែ​១៥​ហ្វីត​(៤,៥​ម៉ែត្រ​)​ពី​យន្តហោះ​អង្គការ​ណា​តូ»​។​

​លោក​បាន​អះអាង​ថា យន្តហោះ​Su-27​ពីរ​គ្រឿង​របស់​រុស្ស៊ី​បាន​ស្ទាក់​យន្តហោះ​ឈ្លបយកការណ៍​RC-135 Rivet Joint​របស់​អង់គ្លេស​មួយ​ដែល​ហោះ​ល្បាត​លើ​ដែនទឹក​អន្តរជាតិ​ទៅ​ខាងត្បូង​តំបន់​​គ្រី​ម៉េ​កាលពី​ថ្ងៃ​២៩​កញ្ញា នៅពេល​យន្តហោះ​រុស្ស៊ី​មួយ​បញ្ចេញ​កាំ​ជ្រួច​។​

​សឺ​ហ្គេ សយ​ហ្គូ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី បាន​បន្ទោស​ឧបទ្ទវហេតុ​នេះ​លើ​បញ្ហា​បច្ចេកទេស​ហើយ​អង់គ្លេស​ក៏​មិន​ជឿ​ង​ថា​វា​ជា​ចេតនា​បង្ក​ភាព​តានតឹង​ដែរ​។​តែ​វាមាន​លេស​តិចតួច​ណាស់​ក្នុងការ​សម្រន់​ការ​​ភ័យខ្លាច​ថា សង្គ្រាម​អ៊ុយ​ក្រែ​ននឹង​រាលដាល​ទៅ​ជា​សង្គ្រាមលោកលើកទីបី​៕

​យន្តហោះ Su-27 ហោះ​ក្បែរ​យន្តហោះ​យន្តហោះ​ឈ្លបយកការណ៍​អង់គ្លេស​RAF RC-135​លើ​សមុទ្រ​ខ្មៅ និង​បញ្ចេញ​កាំជ្រួច​មួយ​ដោយ​ចៃដន្យ​