ដោយ៖ ដេប៉ូ / ភ្នំពេញ៖ បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់បន្តបន្ទាប់ នាកន្លងមក ដល់សិស្សានុសិស្ស និងបុគ្គលិកអប់រំនោះ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងមួយ ស្តីវិធានការបង្ការ និងទប់ស្កាត់ គ្រោះថា្នក់ ក្នុងពេលធ្វើដំណើរទៅមក សាលារៀន សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។

បើយោងតាមសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថាៈ ជារៀងរាល់ឆ្នាំ សិស្សានុសិស្ស និងបុគ្គលិកអប់រំ មួយចំនួនតូច បានរងគ្រោះ ក្នុងអំឡុងពេលធ្វើដំណើរ ទៅសាលារៀន ឬមកបំពេញការងារ ទាំងតាមផ្លូវគោក និងផ្លូវទឹក ជាពិសេសនៅរដូវវស្សា និងអំឡុងពេលទឹកជំនន់។ គ្រឹះស្ថានសិក្សា ភាគច្រើន នៅតាមដងទន្លេ ជុំវិញបឹងទន្លេសាប និងទីទំនាបផ្សេងទៀត តែងរងនូវការជន់លិច និងខូចខាតបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈ និងឯកសារជាដើម។ ម្យ៉ាងវិញទៀត បុគ្គលិកអប់រំ និង សិស្សានុសិស្ស តែងតែទទួលរងគ្រោះថ្នាក់ ជាយថាហេតុ។

ដើម្បីកាត់បន្ថយ ជាអតិបរមា នូវផលប៉ះពាល់ និងគ្រោះថ្នាក់ ដែលអាចកើតមាន ក្នុងអំឡុងពេលធ្វើដំណើរ ទៅមកសាលារៀន កន្លែងបំពេញការងារ របស់សិស្សានុសិស្ស និងបុគ្គលិកអប់រំ ក្រសួងសូមធ្វើការ ណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, គ្រប់គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន, មាតាបិតា, អ្នកអាណាព្យាបាល, សិស្សានុសិស្ស, គណៈគ្រប់គ្រង សាលារៀន គណៈកម្មការគ្រប់គ្រងសាលារៀន, គណៈកម្មការទ្រទ្រង់សាលារៀន, អាជ្ញាធរដែនដី, និង លោកគ្រូ អ្នកគ្រូ ស្តីពីវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរ ទៅមកសាលារៀន៕/PC

សូមអានសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖