ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡបាល់ទះ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ នេះ ត្រូវបានគណៈកម្មការ រកឃើញបេក្ខភាពខ្លាំង ចំនួន ៨ ក្រុម ហើយ នៅក្នុងចំណោមក្រុមចូលរួមសរុបចំនួន ១១ ។

មួយប្រកួតចុងក្រោយ នៃវគ្គសន្សំពិន្ទុ ក្នុងពូល កាលពីល្ងាចថ្ងៃទី២០ ខែតុលាឆ្នាំ២០២២ គឺក្រុមបាល់ទះ ស្នងការដ្ឋានខេត្តត្បូងឃ្មុំ បានយកឈ្នះសមាគមបាល់ទះខេត្តសៀមរាប ដោយលទ្ធផល ៣សិតទល់១សិត ។

ចំពោះបេក្ខភាព ៨ ក្រុមចុងក្រោយ ដែលត្រូវប្រកួតជម្រុះបន្ត ដើម្បីរក ៤ ក្រុម ចុងក្រោយ នោះ រួមមាន ពូល E សមាគមបាល់ទះវិសាខា, កងពលធំអន្តរាគមន៍លេខ៣, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងក្រុមរដ្ឋបាលរាជធានីភ្នំពេញ។ ពូល F មានក្រុមបញ្ជាការដ្ឋានកងអង្គរក្ស, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, សមាគមបាល់ទះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

ក្រុមទាំង ៨ នេះ ត្រូវបន្តការប្រកួតជម្រុះ ក្នុងពូលរៀងៗខ្លួន ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែតុលា ដើម្បីស្វែងរក ៤ ក្រុមចុងក្រោយ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី២៨ ខែតុលា និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ស្វែងរកក្រុមជើងឯក នឹងធ្វើឡើង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ជាមួយនឹងពិធីបំពាក់មេដាយ ប្រគល់ពានរង្វាន់បិទកម្មវិធីតែម្តង។

ប្រាក់រង្វាន់ជ័យលាភី ដែលត្រៀមទុក រួមមាន៖ ក្រុមជើងឯក ពានរង្វាន់ធំ១ មេដាយមាស ម្នាក់១ អមដោយប្រាក់រង្វាន់ ១ម៉ឺនដុល្លារអាម៉េរិក, ជើងឯករង មេដាយប្រាក់ម្នាក់១ អមដោយប្រាក់រង្វាន់ ៥ពាន់ដុល្លារអាម៉េរិក, លេខ៣ មេដាយសំរឹទ្ធិ ម្នាក់១ អមដោយប្រាក់ រង្វាន់ ៣ពាន់ដុល្លារអាម៉េរិក,លេខ៤ ប្រាក់រង្វាន់ ២ពាន់ដុល្លារអាម៉េរិក។
ក្រៅពីនោះ ក៏មានពានរង្វាន់ឯកត្តជនដែរ សម្រាប់កីឡាករល្អជាងគេ ប្រចាំព្រឹត្តិការណ៍, កីឡាករលើកបាល់ល្អ, កីឡាករធ្វើរនាំងល្អ, និងកីឡាករវាយសេវាបានល្អជាងគេ៕/V-PC