ដោយៈ ភ្នំសន្ទុក/កំពង់ធំ ៖ លោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានដឹងនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២ នេះថា កម្លាំងរដ្ឋបាលព្រៃឈើតែងតែធ្វើការបង្ក្រាប និងទប់ស្កាត់ ការពារព្រៃឈើជាប្រចាំ ជាពិសេសតំបន់អភិរក្ស ក៏ប៉ុន្តែនៅតែមានសកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួនតូចនៅតែ ចូលព្រៃលួចកាប់បំផ្លាញព្រៃឈើ។

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើបានបន្តទៀតថា ទោះបីជាកម្លាំងជំនាញមានមន្ត្រីចំនួនតិចយ៉ាងណាក្តី ក៏ប៉ុន្តែកម្លាំងជំនាញយើងនៅតែចុះល្បាតជាប្រចាំ។ជាក់ស្តែងនៅថ្ងៃទី១៨ ខែតុលាមន្ត្រីអនុវត្តគម្រោង រេដបូកទំរីង សហការជាមួយកម្លាំងតំបន់ប្រតិបត្ថិការសឹករងកំពង់ធំ បានចុះល្បាតនៅតំបន់បុស្សស្បូវ ឃុំបឹងល្វា ស្រុកសន្ទុក ក៏ប្រទះឃើញការកាប់ព្រៃឈើនៅទីនោះ។ ប៉ុន្តែអ្នកប្រព្រឹត្តិបានគេចខ្លួនទាន់ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួន។ក្នុងនោះ រណាយន្តកាត់ឈើចំនួន បីគ្រឿង របស់ជនល្មើសដែលរត់គេចខ្លួន។បន្តមក នៅថ្ងៃទី១៩ ខែតុលា មន្ត្រីអនុវត្តគម្រោងរេដបូកទំរីង សហការជាមួយកម្លាំងតំបន់ប្រតិបត្ថិការសឹករងកំពង់ធំ បានចុះល្បាតនៅតំបន់អូរអន្រ្ទក ឃុំបឹងល្វា ស្រុកសន្ទុក
បានជួបប្រទះការធ្វើសន្និធិឈើហ៊ុបមូល (ចំបក់)ចំនួន ៧កំណាត់ ស្មើនឹង ២,៣២៨៤គូប ដោយគ្មានលិខិតអនុញ្ញាតនៅតំបន់អូរអន្រ្ទក ឃុំបឹងល្វា ស្រុកសន្ទុក និងនៅថ្ងៃទី២០ ខែតុលា មន្ត្រីអនុវត្តគម្រោង រេដបូកទំរីង សហការជាមួយកម្លាំងតំបន់ប្រតិបត្ថិការសឹករងកំពង់ធំ បានចុះល្បាតនៅតំបន់គីឡូម៉ែត្រ ៣៥ ឃុំបឹងល្វា ស្រុកសន្ទុក បង្រ្កាបបានរណាយន្តពីរគ្រឿង ដែលជនល្មើសបានប្រព្រឹត្តិ ។
វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការអូរកំពប់អំបិល ស្រុកសន្ទុក ។ចំណែកជនល្មើសខាងលើនេះមន្ត្រីជំនាញកំពុងតែស្រាវជ្រាវអត្តសញ្ញាណដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕/PC