​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ចេញ​ដំណើរ​ទៅកាន់​អូស្ត្រាលី​ដើម្បី​ពិភាក្សា​ជាមួយ​សម​ភាគី អ៊ែន​ថូ​នី អាល់​បា​នី​ស​។​លោក​បាន​និយាយ​​ថា លោក​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​និង​ថាមពល​រវាង​ប្រទេស​ទាំង​ពីរ ចំ​ពេល​មាន​ការព្រួយបារម្ភ​រួម​គ្នា​អំពី​ចិន​។​

​លោក​គី​ស៊ី​ដា បាន​និយាយថា​លោក​សង្ឃឹមថា​នឹង​ធ្វើ​បច្ចុប្បន្នភាព​កិច្ចព្រមព្រៀង​សន្តិសុខ​ទ្វេភាគី​ឆ្នាំ​២០០៧​ដើម្បី​កែសម្រួល​ទៅ​តាម​ការវិវត្តន៍​សភាពការណ៍ពិភពលោកនិង​ជំរុញ​ភាពជា​ដៃគូ​របស់​ប្រទេស​ទាំង​ពីរ​។​

​ការនាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​និង​ធ្យូងថ្ម​របស់​អូស្ត្រាលី​សំខាន់​សំរាប់​ជប៉ុន​ដែល​ខ្វះខាត​ប្រភពធនធាន ហើយ​លោក​គី​ស៊ី​ដា​បាន​និយាយថា​លោក​សង្ឃឹមថា​នឹង​ពិភាក្សា​អំពី​អនាគត​នៃ​ស្ថិរភាព​ប្រភពធនធាន​​និង​ថាមពល​របស់​ជប៉ុន​ជាមួយ​លោក អាល់​បា​នី​ស​។​

​មុន​ឡើង​យន្តហោះ នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយថា​«​សំរាប់​ជប៉ុន អូស្ត្រាលី​ជា​ប្រទេស​សំខាន់​មួយ​ដែល​ចែករំលែក​តំលៃ​សកល​ជាមួយគ្នា ដូច​ជា​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​ផលប្រយោជ​​ន៍​យុទ្ធសាស្ត្រ ។​វា​ជា​ប្រទេស​សំខាន់​មួយ​បើ​គិត​ពី​ប្រភព​ធនធាន​និង​ថាមពល​។​អូស្ត្រាលី​ជា​ដៃគូ​យុទ្ធសាស្ត្រ​ពិសេស​របស់​យើង​»​។​

​សូមបញ្ជាក់​ថា ជប៉ុន​និង​អូស្ត្រាលី ដែល​សុទ្ធតែ​ជា​សម្ពន្ធមិត្ត​អាម៉េរិក មាន​ទស្សនៈ​ស្រដៀង​គ្នា​ភាគច្រើន​អំពី​សន្តិសុខ​តំបន់ ហើយ​ជប៉ុន​សង្ឃឹម​ជំរុញ​កិច្ចសហការ​របស់ខ្លួន​ជាមួយ​អូស្ត្រាលី​។​មេដឹកនាំ​ប្រ​​ទេស​ទាំងពី​មាន​គំរោង​ចេញ​សេចក្តីប្រកាស​ថ្មី​មួយ​ស្តីពី​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ បន្ថែម​លើ​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៧ សំរាប់​រយៈពេល​មួយ​ទសវត្សរ៍​ទៅមុខ នេះ​បើ​តាម​មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​៕

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា បក់ដៃ​ក្នុងពេល​ចេញដំណើរ​ទៅ​កាន់​អូស្ត្រាលី​កាលពី​ថ្ងៃ​សុក្រ នៅ​អាកាសយានដ្ឋាន​ក្រុង​តូ​ក្យូ​