ដោយៈសុផល/ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែតុលា។ទស្សនកិច្ចនេះក្នុងគោលបំណងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះថ្ងៃទី២១ ខែតុលាបាន ឱ្យដឹងថា ដំណើរទស្សនកិច្ចទៅប្រទេសវៀតណាមរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា នាពេលខាងមុខនេះ គឺធ្វើឡើងតបនឹងការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក វឿង ឌិញហ្វេ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីក ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។ ជាពិសេសរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងរដ្ឋសភាវៀតណាម។មួយវិញទៀតដើម្បីចូលរួមសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥នៃថ្ងៃបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព កម្ពុជា-វៀតណាម។

គួរបញ្ជាក់ថា អំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេលបីថ្ងៃ ខាងមុខនេះ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចវិបុលសេនា សាយ ឈុំ នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ក្នុងនោះរួមមាន អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វុង ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ និងមន្ត្រីជាន់ខ្ពស់វៀតណាមមួយចំនួនទៀត៕សរន/PC