ដោយ:ដេប៉ូភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.)បានចេញសេចក្តីជូនដំណឹងមួយស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៣ដែលគិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០២២ខាងមុខ។

សេចក្តីជូនដំណឹងថ្ងៃទី២០ខែតុលាឆ្នាំ២០២២ដែលបានចុះហត្ថលេខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបញ្ជាក់ថា៖អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) មានកិត្តិយសសូមជូនដំណឹងដល់ឯកឧត្តមលោកជំទាវលោកលោកស្រីជាប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយប្រចាំនៅគ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ឱ្យបានជ្រាបថា៖ ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៣ នឹងដំណើរការជា រៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចាប់ពីម៉ោង ០៨:០០ ព្រឹក រហូតដល់ម៉ោង ០៥:០០ ល្ងាច រយៈពេលមួយខែពេញ គិតចាប់ពី ថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់បន្ថែមថា៖ពេញមួយខែមករា ឆ្នាំ២០២៣ អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចអញ្ជើញមកប្រគល់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅថ្ងៃណាក៏បាន ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយ សូមអនុញ្ញាតរៀបចំកម្មវិធីទទួលជាពិសេស សម្រាប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត៕សរន/PC