ដោយៈ ភួង សុខថា អ្នកស្ម័គ្រចិត្តមជ្ឈណ្ឌលឯកសារខេត្តព្រៃវែង/ភ្នំពេញ៖ខ្ញុំឈ្មោះ ប៉ុន យ៉េត អាយុ៧៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិសំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ នៅអាយុ១០ឆ្នាំខ្ញុំបានសិក្សារៀនសូត្រនៅសាលាបឋមសិក្សាវត្តសំរោងវត្ត។ ក្រោយមក ខ្ញុំស្ម័គ្រចិត្តចូលបម្រើការងារនៅក្នុងមន្ទីរពេទ្យមួយក្នុងភូមិសំរោង។

ខ្ញុំមានតួនាទីជាអ្នកចាក់វ៉ាក់សាំងឱ្យក្មេងៗនៅតាមភូមិដោយមិនទទួលបានប្រាក់កម្រៃឡើយ។ ខ្ញុំឈប់ធ្វើពេទ្យ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ ខ្ញុំរៀបការ និងចាប់ផ្តើមបែកចេញពីគ្រួសារទៅរស់នៅតែពីរនាក់ប្តីប្រពន្ធ។ មួយរយៈក្រោយមក សង្គ្រាមរវាង លន់ នល់ និងខ្មែរក្រហមបានផ្ទុះឡើងកាន់តែខ្លាំង ធ្វើឲ្យប្រជាជនមានការលំបាកក្នុងរស់នៅ រហូតដល់ខ្មែរក្រហមទទួលជ័យជម្នះទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

ប៉ុន យ៉េត អាយុ៧៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិសំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានស្នើសុំឲ្យប្រជាជនទាំងអស់ប្រមូលរបស់របរ ដែលមាននៅក្នុងផ្ទះដូចជា គោ ក្របីនិងសម្ភារផ្សេងៗយកមកដាក់ជាសម្បតិ្តរួម។បន្ទាប់ពីខ្មែរក្រហមប្រមូលរបស់របរទាំងនោះដាក់ជារបស់រួមរួចហើយកម្មាភិបាលខ្មែរក្រហមដាក់ផែនការឲ្យខ្ញុំបុកស្រូវក្នុងមួយថ្ងៃឱ្យបាន១០ថាំង(ប្រដាប់ធ្វើដោយឈើសម្រាប់ដង, សម្រាប់រែកទឹក ។ រង្វាល់សម្រាប់វាល់ធញ្ញជាតិ មានស្រូវអង្ករជាដើម ចំនួន ២ តៅ ឬ ចំណុះ ៥០ ឬ ៦០ នាឡិ : ស្រូវមួយថាំង) ។

ខ្ញុំខិតខំធ្វើការងារព្រោះមិនចង់ឲ្យខ្មែរក្រហមស្តីបន្ទោស។ រីឯប្តីរបស់ខ្ញុំវិញដែលមានជំងឺ និងមិនអាចធ្វើការងារធ្ងន់ធ្ងរបាន ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនក្មេងៗនៅក្នុងភូមិ។

នៅថ្ងៃមួយក្នុងឆ្នាំ១៩៧៧ប្អូនជីដូនមួយរបស់ខ្ញុំឃើញផ្លែត្នោតទុំជ្រុះធ្លាក់មកដល់ដីក៏ដើរសំដៅទៅរើសយកត្នោតទុំនោះប៉ុន្តែជាអកុសលស្រាប់តែកម្មាភិបាលខ្មែរក្រហមបានឃើញប្អូនប្រុសរបស់ខ្ញុំកំពុងកាន់ផ្លែត្នោត ក៏ទៅ ចាប់ប្អូនប្រុសរបស់ខ្ញុំ ចងអូសពីក្រោយរទេះយកទៅសម្លាប់។

នៅចុងឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហមជម្លៀសប្រជាជននៅស្រុកមេសាងទៅតំបន់ភាគខាងលិចប្រទេស ហើយខ្ញុំក៏មានឈ្មោះទៅដែរ។ពេលខ្ញុំទៅដល់អ្នកលឿងកម្មាភិបាលខ្មែរក្រហមមិនអនុញ្ញាតឱ្យខ្ញុំឡើងជិះកប៉ាល់ជាមួយប្រជាជនជម្លៀសផ្សេងទៀតទេ ព្រោះឃើញខ្ញុំកំពុងមានផ្ទៃពោះជិតឆ្លងទន្លេ។ កម្មាភិបាលខ្មែរក្រហមអនុញ្ញាតឲ្យខ្ញុំស្នាក់នៅអ្នកលឿង រហូតដល់ខ្ញុំឆ្លងទន្លេរួច។ រយៈពេល៥ថ្ងៃក្រោយពីខ្ញុំឆ្លងទន្លេរួច កូនរបស់ខ្ញុំក៏ស្លាប់ ហើយខ្ញុំក៏ត្រឡប់មកភូមិកំណើតវិញ៕សរន